អេ ភូថង ​ជឿ​ថា ធឿន ធារ៉ា ​នឹង​យក​ខ្សែ​ក្រវ៉ាត់ Thai Fight ​បាន​

​ស្ដេច​ប្រដាល់ អេ ភូថង ​និង​ជា​គ្រូ​បង្វឹក​របស់​កីឡាករ ធឿន ធារ៉ា ​បាន​អះអាង​ថា​កូន​សិស្ស​របស់​លោក​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​វាយ​ដណ្ដើម​យក​ខ្សែ​ក្រវ៉ាត់​នៅ​សង្វៀន Thai Fight ​បាន​។

​ធឿន ធារ៉ា ​នឹង​មាន​វត្តមាន​ប្រកួត​នៅ​សង្វៀន Thai Fight ​នា​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ឆ្នាំ​២០២២​ខាង​មុខ​នេះ​ក្នុង​ការ​ប្រកួត​ប្រជែង​យក​ខ្សែ​ក្រវ៉ាត់​ផង​ដែរ។ ​ដោយ​ជុំ​ដំបូង​ត្រូវ​ប៉ះ​កីឡាករ​បារាំង​សិន ​ហើយ​ប្រសិន​បើ​ឈ្នះ​នឹង​ឡើង​ទៅ​ប៉ះ​កីឡាករ សៃយុគ ​ទៀត​ដើម្បី​ដណ្ដើម​យក​ខ្សែ​ក្រវ៉ាត់​ប្រភេទ​ទម្ងន់​៧២​គីឡូ​ក្រាម។ ដោយ​ការ​ប្រកួត​នេះ​ទៀត​សោត ​នឹង​ក្លាយ​ជា​ការ​ប្រកួត​ធំ​នៅ​ចុង​ឆ្នាំ​មិន​ខាន។

​បើ​តាម​ការ​បញ្ជាក់​របស់​លោក អេ ភូថង ​ថា​៖ “ខ្ញុំ​ចង់​ឱ្យ​ធារ៉ា ប៉ះ​សៃយុគ​តែ​ម្ដង ​ព្រោះ​ធ្វើ​បែប​នេះ​នឹង​ពេញ​កម្លាំង​ដូច​គ្នា វៃ​គ្នា​ល្អ​មើល។ ​ធារ៉ា ​និង​សៃយុគ ​ជា​កីឡាករ​ឈរ​វាយ​ដូច​គ្នា ​ដូច្នេះ​បើ​នរណា​ភ្លាត់ អ្នក​នោះ​ហើយ​នឹង​ចាញ់។ ខ្ញុំ​ជឿ​ថា​គាត់​មាន​កម្លាំង​ចិត្ត​វាយ​នៅ​លើក​នេះ ​ហើយ​នឹង​អាច​ទទួល​បាន​លទ្ធផល​ល្អ​មិន​ខាន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT