គ្រូ​បង្វឹក Angkor Tiger ​ថា​នឹង​ផ្លាស់​ប្ដូរ​សមាជិក​ក្រុម​ច្រើន ​ដើម្បី​បំបាត់​ចំណុច​ខ្វះ​ខាត​

​លោក Alistair Heath គ្រូបង្វឹកជនជាតិអង់គ្លេស ​របស់​ក្លឹប Angkor Tiger ​បាន​អះអាង​ថា​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​និង​កែ​ប្រែ​រចនាសម្ព័ន្ធ​ក្នុង​ក្រុម​ច្រើន​សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ​។

​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​ក្លឹប Angkor Tiger ​បាន​ប្រកាស​បញ្ចប់​កុងត្រា​ជាមួយ​កីឡាករ​ច្រើន​មែនទែន ​រហូត​ដល់​មាន​អ្នក​គាំទ្រ​ដាក់​ចម្ងល់​ផង​ដែរ។ ​តែ​យ៉ាងណា​នេះ​ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​ក្លឹប ដើម្បី​ផ្លាស់​ប្ដូរ​សមាសភាព​កីឡាករ ​និង​ពង្រឹង​ក្រុម​ឡើង​វិញ​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​ក្នុង​ន័យ​ចង់​បាន​លទ្ធផល​ល្អ​មក​វិញ។ ​

​ លោក Alistair Heath ​ដែល​ជា​គ្រូ​បង្វឹក​បាន​ប្រាប់​អ្នក​គាំទ្រ​ថា​៖ “ខ្ញុំមាន​សារ​សំខាន់​ចង់​ចែករំលែក​ទៅ​កាន់​អ្នក​ទាំងអស់​គ្នា ​ក៏ដូចជាកីឡាករ ​ដោយជាដំបូងខ្ញុំ ​សូមអរគុណចំពោះការគាំទ្រ និង​នៅ​តែ​បន្ត​គាំទ្រ។ ​ចំពោះ ​កីឡាករចាស់ៗដែលបានចាកចេញពីពួកយើង​ កាល​ពីរយៈពេល​ថ្មីៗចុង​ក្រោយ​នេះ​ ខ្ញុំសូមអរគុណ​សម្រាប់​ការ​ប្រឹងប្រែង ​ចូលរួមជា​ចំណែក​របស់​ពួកគេ​ក្នុង​រដូវកាល​កន្លង​ទៅ​នេះ ដែល​មាន​រឿងជាច្រើនទាំងពេលវេលាល្អ និង មិនល្អរួមគ្នាជាច្រើន ហើយសម្រាប់រឿងនោះ ខ្ញុំ​ពិត​ជា​ដឹង​គុណ​លើ​ការ​លះបង់ ​និង​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ហ្វឹកហាត់ ​និង​លេង​ជា​ក្រុម​ខ្លាំង​ណាស់។ ខ្ញុំ​សូម​ជូនពរ​ឱ្យ​ពួកគេ​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​នា​ពេល​អនាគត​របស់​ពួកគេ​ជា​បន្ត​បន្ទាប់”។

​គ្រូ​បង្វឹក​ដែល​ធ្លាប់​ដឹក​នាំ​ក្រុម​នៅ​ប្រទេស​ថៃ ​បាន​បន្ដ​ទៀត​ថា​៖ “ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​អ្វី​ដែល​យើង​បាន​បង្ហាញ ​គឺ​ការ​រៀបចំ​ រចនា​សម្ព័ន្ធ​ឡើង​វិញ ​ដែល​ខ្ញុំ​ធ្លាប់​បាន​និយាយ​អំពី​រដូវកាល​មុន​ ឥឡូវ​នេះ​យើង​ក៏​កំពុង​ដំណើរការ ​ដើម្បី​បំពេញ​ចំនុចខ្វះខាត។ ការ​សម្រេច​ចិត្ត​ដ៏​លំបាក​ជា​ច្រើន​បាន​កើត​មាន ​និង​កំពុង​ត្រូវ​បាន​ដំណើរការ​ដោះស្រាយ។ ​ទោះបី​ជា​ខ្ញុំ​នឹង​ធ្វើការ​ដាក់​កំហិត​ រឹត​ត្បិត​ក្នុង​ការ​អនុវត្ត​នូវ ​ការដឹកនាំ ​និង​វិន័យ​ថ្មីៗ ​សម្រាប់​ក្រុម​ឱ្យ​កាន់​តែ​ប្រសើរ​ ដូច​អ្វី​ដែល​ខ្ញុំ​ចង់​បាន ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ខ្ញុំ​កំពុង​ធ្វើការ​លើ​ទម្រង់​ដឹកនាំ​ថ្មី ​និង​កែតម្រូវ​ពី​ចំណុច​ខ្វះខាត​ចាស់​ នៃ​រចនា​សម្ព័ន្ធ​ក្លិប​ឡើង​វិញ​នេះ​ឱ្យ​អស់​ពី​សមត្ថភាព​ ហើយនឹងបន្តធ្វើដូច្នេះទៅមុខទៀតដើម្បីលទ្ធផលកាន់តែប្រសើរ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT