គ្រូ​ស្វាយ​រៀង ​ចាត់​ទុក​ភ្នំពេញ​ក្រោន​ជា​ក្រុម​កំពុង​ឡើង​ជើង​ខ្លាំង​នា​ពេល​នេះ​

​លោក Conor Nestor ​បាន​ចាត់​ទុក​ក្រុម​ភ្នំពេញ​ក្រោន ​ជា​ក្រុម​ដែល​កំពុង​ឡើង​ជើង​ក្នុង​លីគ​កំពូល​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ ​មុន​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​កើត​ឡើង​នៅ​រសៀល​នេះ​។

​ព្រះ​ខ័ន​រាជស្វាយរៀង ​នឹងត្រូវបើកទ្វារកីឡដ្ឋានខេត្តស្វាយរៀងទទួលភ្ញៀវភ្នំពេញក្រោននៅម៉ោង៦ និង៣០នាទីល្ងាច។ ​ខណៈ​ដែល​២​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​ម្ចាស់​ផ្ទះ ​ហាក់​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ ​ដោយ​ចាញ់​បឹង​កេត ​២-១ ​និង​បន្ដ​ចាញ់​វិសាខា ​១-០ ​ទៀត។ ​ស្រប​ពេល​ខាង​ក្រោន​វិញ ​បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​ដោយ​ឈ្នះ​វិសាខា ​៤-៣ ​ហើយ​បន្ដ​ស្មើ​បឹង​កេត ​១-១ ​ដែរ។ ​ដូច្នេះ​បើ​តាម​លទ្ធផល​២​ប្រកួត​ចុង​ក្រោយ​នៃ​ការ​ប្រកួត Play-off ​នេះ ​មាន​ន័យ​ថា​ក្រោន​កំពុង​មាន​ថាមពល​និង​ទំនុក​ចិត្ត​ច្រើន​ហើយ។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​លោក Conor Nestor ​បាន​និយាយ​ដែរ​ថា​៖ “ជា​ការ​ពិត​ណាស់ យើង​ដឹង​ថាទម្រង់លេង​របស់យើង​គឺមិនល្អទេ។ ពួ​កយើងដឹងថាមូលហេតុ​អ្វីដែល​ធ្វើ​ឱ្យ​យើងបរាជ័យ។ យើង​ត្រូវ​តែពង្រឹង​ក្រុម​ និងពង្រឹងស្មារតីឡើងវិញ វាគឺ​ជាហេតុផល​ដែលយើងស្ថិត​នៅលើកំពូល​តារាង​នៃ​លីគ​នេះ​ជាង​២៧០​ថ្ងៃមកហើយ។ យើងមានពេលរៀបចំ​ និង​ប្រមូលកម្លាំងឡើងវិញពុំទាន់​គ្រប់​គ្រាន់​ទេ ប៉ុន្តែ​ពិតណាស់ក្រុមទាំងពីរបានស្គាល់ពីគ្នាបានច្បាស់ណាស់។​ ក្រោន​គឺជាក្រុមដែល​កំពុង​ឡើង​ជើង​នៅ​ក្នុង​លីគនាពេលឥឡូវនេះ។ ​យើងចាំបាច់ត្រូវតែ​ ជម្រុះចេញ​នូវ​ចំណុច​ខ្វះខាត​ចេញ ហើយ​ធ្វើ​ការងារ​យើង​ឱ្យ​បានល្អ ​ហើយធ្វើ​ឱ្យ​មានការគាំទ្របន្ថែមទៅកាន់​ Marcus”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT