អន្ដរជាតិ​សរសើរ​កីឡា​រាំ​កម្ពុជា ​ក្រោយ​ជោគជ័យ​ខ្លាំង​ក្នុង​ការ​ប្រកួត​ជើងឯកពិភពលោក​

ប្រតិភូ​ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ​នៃក្រុមកីឡារាំជម្រើសជាតិកម្ពុជា បានត្រឡប់​មក​ដល់​មាតុភូមិ​វិញ​ហើយ​ កាលពីរាត្រីថ្ងៃច័ន្ទកន្លងទៅ​ បន្ទាប់ពីបញ្ចប់បេសកកម្មប្រកបដោយផ្លែផ្កា ក្នុង​ការ​ប្រកួត​កីឡា​រាំ​ជ្រើសរើស​ជើងឯក​ពិភពលោក ​WDSF SupeStar Championship 2022 នៅទី​ក្រុង​ហូជីមិញ ​ប្រទេស​វៀតណាម ដោយដណ្ដើមបានមេដាយសរុប ១៧គ្រឿង រួមមានមេដាយមាស ៤ ប្រាក់ ១០ និងសំរឹទ្ធ ៣។

​សមិទ្ធផលនេះ បានធ្វើឲ្យសហព័ន្ធកីឡារាំអាស៊ី ​ក៏ដូចជាសហព័ន្ធកីឡារាំពិភពលោក មាន​ការ​ភ្ញាក់​ផ្អើល​ និង​កោតសរសើរ ​ចំពោះភាពរីកចម្រើនគួរឲ្យកត់សម្គាល់របស់កីឡារាំកម្ពុជា ក្នុងនាម​ប្រទេស​ដែល​ទើប​កើតមានកីឡារាំថ្មីថ្មោង​ បើធៀបនឹងបណ្ដាប្រទេសក្នុងតំបន់ និងលើពិភពលោក។ នេះ​បើ​តាមការ​បញ្ជាក់​របស់លោកជំទាវ ញ៉ែម មរកត​ ប្រធានសហព័ន្ធកីឡារាំកម្ពុជា ក្នុង​ឱកាស​លោក​ជំទាវ​អញ្ជើញទទួលស្វាគមន៍ដំណើរវិលត្រឡប់របស់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី កាល​ពីយប់មិញ។

លោកជំទាវ ម៉ក់ វណ្ណស៊ីថា អនុប្រធានសហព័ន្ធ និងជាប្រធានប្រតិភូដឹកនាំ ក្នុងបេសកកម្មខាងលើ បាន​ឲ្យដឹងថា ​ការប្រកួតនេះ មានលក្ខណៈធំ ព្រោះមានប្រទេសជាច្រើនចូលរួម ហើយ​គណៈ​កម្ម​ការ​ និង​ចៅក្រមកាត់សេចក្ដី សុទ្ធតែបានអញ្ជើញមកពីសហព័ន្ធកីឡារាំអាស៊ី និង​ពិភព​លោក។ រីឯ​កីឡាករ-កីឡាការិនី​ គឺមានគ្រប់វ័យ។ តាមរយៈនេះ សបញ្ជាក់ឲ្យឃើញថា ការ​ដណ្ដើមបាន​មេដាយ​របស់​កីឡាករ-​កីឡាការិនី ​គឺ​បាន​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​អស់​ពី​កម្លាំង​កាយចិត្ត ​ទាំង​លើ​វិញ្ញា​សា​ឯកត្ដជន និងរាំគូជាដើម។

ចំណែកលោក​ ស៊ូវ តុង ​គ្រូ​បង្វឹក​កីឡា​រាំ​កម្ពុជា​ បានបញ្ជាក់ថា​ ៖«លទ្ធផល​ដែលកូន​សិស្ស​ទាំងអស់​ទទួល​បាន​ ដោយសារការខិតខំប្រឹងប្រែងរបស់ពួកគាត់ ក្រោយកូវីដ-១៩ បាន​ប្រមូល​ផ្ដុំហ្វឹកហាត់ជុំ​គ្នា​ឡើង​វិញ​ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គឺមានការកើនឡើងច្រើន​។​ ការព្យាយាម​ចេញ​ប្រកួត​អន្ដរជាតិ​បានច្រើន​ មុនស៊ីហ្គេម គឺជាការល្អមែនទែន សម្រាប់ពួកគាត់ដកស្រង់បទពិសោធន៍ និង​ពង្រឹង​សមត្ថភាព។ ​អ៊ីចឹងលើកនេះ​ ឃើញថា ​ពួកគាត់​ធ្វើបានល្អ»៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT