កំណត់ត្រាថ្មីជាងគេបង្អស់ក្នុងពិភពបាល់ទាត់ បានស្តែងចេញនៅក្នុងឆ្នាំ ២០១៨នេះ ដែលមានកីឡាករបាល់ទាត់មួយរូប កាន់តួនាទីពីរក្នុងពេលតែមួយ ពោលគឺជាកីឡាករនៃក្លិបបាល់ទាត់ និងជាអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិ នោះគឺបុរសសញ្ជាតិជប៉ុន Keisuke Honda ដែលបានប្រកាសហាលអាវពីជម្រើសជាតិរបស់ខ្លួន
ក្រោយចប់ World Cup 2018 ។
នៅក្នុង ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០១៨ កីឡាកររូបនេះ ត្រូវបានផ្ទេរទៅកាន់ក្លិប Melbourne Victory នៅអូស្រ្តាលី ខណៈ ១សប្តាហ៍ក្រោយមក ក៏បានប្រកាសតែងតាំងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ដែលត្រូវបានគេប្រសិទ្ធិនាមថាជា គ្រូបង្វឹកតាមប្រព័ន្ធអ៊ីនធឺណែត ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា កាលពីពេលថ្មីៗនេះ ក្រុមជ្រើសជាតិកម្ពុជា ប្រកួតមិត្តភាព៣លើក ដោយបរាជ័យ ២ និងស្មើ ១ប្រកួត ក្នុងនោះ ប្រកួតចាញ់ម៉ាឡេស៊ី ១-៣ គឺស្ថិតក្រោមការដឹកនាំផ្ទាល់ដោយគាត់ ។ ក្រោយមក គ្រាដែលការប្រកួតលីគអូស្រ្តាលីបើករដូវកាលថ្មីរបស់ខ្លួន
ឡើងវិញ Honda ទទួលបានដំណែងជាប្រធានក្រុម ដឹកនាំក្រុម
ប្រកួតអស់ ២ប្រកួតទៅហើយ ខណៈដែល Melbourne Victory ចាញ់ទាំងពីរប្រកួត ។យ៉ាងណាក្តី ខ្សែបម្រើរឹងមាំរូបនេះ ស៊ុតចូលទីបាន ១គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមសម្រេចទី ២បាល់ ផងដែរ៕
តើការងារដ៏មមាញឹកមួយនេះ ជាកត្តាធ្វើឱ្យគាត់ពិបាកក្នុងការប្រមូលអារម្មណ៍តែមួយឱ្យខ្លាំងដូចកាលគាត់នៅលេងត្រឹមជាកីឡាករដែរឬទេ ? តើគាត់អាច ដឹកនាំជម្រើសជាតិកម្ពុជា ធ្វើបានល្អឬទេ ក្នុងពានរង្វាន់ AFF Suzuki Cup 2018 ខាងមុខនេះ ?