ល្អ​មើល​ហើយ! ​អេលីត សម្ភស្ស ​ក៏​នឹង​ចូល​ប្រកួត​នៅ Thai Fight ​ដែរ​

​កីឡាករ​ប្រដាល់​កម្ពុជា​ដែល​កំពុង​ឡើង​កូដ អេលីត សម្ភស្យ ​ក៏​នឹង​មាន​វត្ដមាន​ប្រកួត​នៅ​កម្មវិធី Thai Fight ​របស់​ប្រទេស​ថៃ​ផង​ដែរ​នា​ពេល​ខាង​មុខ​នេះ។

​អេលីត សម្ភស្ស ​ជា​កីឡាករ​ប្រដាល់​កម្ពុជា ​ដែល​មាន​ជំនាញ​ទាំង​ផ្នែក​សកល ​និង​គុន​ខ្មែរ។ ​ហើយ​ចុង​ក្រោយ​នេះ ​គេ​បាន​ចូល​ប្រកួត​នៅ​កម្មវិធី Kun Khmer All Stars ​ថែម​ទៀត ​និង​ទទួល​បាន​ជ័យជម្នះ​ផង​ដែរ។ ​ប្រកួត​នេះ​ហើយ ​ក៏​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ទៅ​លើ​អ្នក​លេង​កណ្ដាប់​ដៃ​ថ្មី​របស់​កម្ពុជា​ម្នាក់​នេះ​ផង​ដែរ រហូត​ដល់​មាន Promoter ​ក្រៅ​ប្រទេស​ចង់​បាន​ទៅ​ប្រកួត​ហើយ។

ជាក់​ស្ដែង​ស្ថាប័ន Thai Fight ​បាន​មក​ចរចា​យក​រូបគេ​ទៅ​ចូល​រួម​ប្រកួត។ ​លោក​គ្រូ ស៊ន អេលីត ​បាន​បញ្ជាក់​ចំពោះ​រឿង​ខាង​លើ​នេះ ​និង​អះអាង​ថា​តម្លៃ​ខ្លួន​ក៏​គ្រាន់​បើ​ដែរ។ ប្រសិន​បើ​គេ​អាច​ទទួល​បាន​លទ្ធផល​ល្អ ឬ​វាយ​បាន​ល្អ​ក្នុង​កម្មវិធី​កម្រិត​អន្ដរជាតិ Thai Fight ​ទៀត ​នោះ​តម្លៃ​ខ្លួន​អាច​នឹង​កើន​ឡើង​ទ្វេ​ដង​ជាក់​ជា​មិន​ខាន។ ការ​ប្រកួត Thai Fight ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ឆ្នាំ​២០២២​ខាង​មុខ​នេះ​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT