អ្នក​គាំទ្រ​រិះគន់ Ten Hag ​ដែល​ដាក់​ Maguire ​លេង​ប្រយុទ្ធ​

​អ្នក​គាំទ្រ​មាន​ការ​រិះគន់​ខ្លាំង​ទៅ​លើ​លោក Erik ten Hag ​ដែល​បាន​ផ្លាស់​ប្ដូរ​ខ្សែ​ការពារ Harry Maguire ​ចូល ​ប៉ុន្តែ​ដាក់​ទៅ​លើ​នៅ​តំបន់​ប្រយុទ្ធ​ខាង​លើ​ជាមួយ Cristiano Ronaldo ​ទៅ​វិញ។

​នៅ​យប់មិញ​នេះ Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម Real Sociedad ​ក្នុង​លទ្ធផល ១-០ ​តែ​ទោះ​ជា​បាន​៣​ពិន្ទុ​នេះ​មែន ​ក្រុម​បិសាច​ក្រហម​នៅ​តែ​រក្សា​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល​ដដែល។ ​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ថែម​ទៀត​នោះ គឺ​នៅ​ចុង​ម៉ោង​ដោយ​លោក Ten Hag ​បាន​ប្ដូរ Maguire ​ចូល។ ​ការ​ដូរ​ចូល​នេះ​ដែរ ​មិន​មែន​លេង​នៅ​តំបន់​ការពារ​នោះ​ទេ ពោល​គឺ​អ្នក​ចាត់ការ​ក្រុម​បាន​ដូរ Maguire ​ទៅ​លេង​នៅ​តំបន់​ប្រយុទ្ធ​ជំនួស​កន្លែង​របស់ Garnacho ​ទៅ​វិញ។

​កត្ដា​នេះ​ទើប​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​រិះគន់​ទៅ​លើ​ការ​ដឹក​នាំ​ក្រុម​របស់​លោក Ten Hag ​ដោយ​សូម្បី Paul Scholes ​អតីត​កីឡាករ Man Utd ​ផ្ទាល់​ក៏​រិះគន់​ដូច​គ្នា។ ​Paul Scholes ​បាន​អះអាង​ថា​លោក​មិន​យល់​ពី Ten Hag ​គិត​អ្វី​នោះ​ទេ​ដែល​ប្ដូរ​បែប​នេះ ខណៈ ដែល​ក្រុម​ត្រូវ​ការ​ឈ្នះ​គ្រាប់​បន្ថែម​ទៀត។ ​ការ​លេង​របៀប​នេះ ​វា​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា Man Utd ​កំពុង​រញ៉េរញ៉ៃ​ទៅ​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT