FIFA ​ប្រាប់​ប្រទេស​ចូល​លេង World Cup ​ឱ្យ​ផ្ដោត​តែ​ការ​លេង​បាល់​ប៉ុណ្ណោះ​

​សហព័ន្ធ​បាល់ទាត់​អន្ដរជាតិ FIFA ​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​ក្លឹប​ទាំង​៣២​ដែល​មាន​វត្ដមាន​ត្រូវ​លេង FIFA World Cup 2022 ​នៅ​ប្រទេស​កាតា ​ឱ្យ​ផ្ដោត​តែ​លើ​បាល់ទាត់​ប៉ុណ្ណោះ ​មិន​ឡូក​ដៃ​ចូល​ការងារ​អ្វី​ផ្សេង​ទៀត​នោះ​ទេ។

​កាតា ​ដែល​ជា​ប្រទេស​ម្ចាស់​ផ្ទះ​ព្រឹត្ដិការណ៍ FIFA World Cup 2022 ​បាន​រង​នូវ​បទ​ចោទ​ប្រកាន់​ច្រើន ​ជា​ពិសេស​ពី​សំណាក់​ប្រទេស​នៅ​បណ្ដា​អឺរ៉ុប​ទៅ​លើ​សិទ្ធិ​មនុស្ស ​ដែល​ពួកគេ​បាន​ប្រើប្រាស់​កម្លាំង​ពលកម្ម កម្មករ​លើស​កម្រិត​ក្នុង​ការ​ធ្វើ​កីឡដ្ឋាន។ ​មាន​ប្រភព​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា ដើម្បី​រៀប​ចំ​ឱ្យ​ទាន់​ការ​ប្រកួត World Cup ​នៅ​ប្រទេស​កាតា ​បាន​ជំរុញ​ឱ្យ​កម្មករ​ធ្វើ​ការ​លើស​កម្លាំង ​និង​មាន​អ្នក​ស្លាប់​ជា​ច្រើន​នាក់​ថែម​ទៀត។ ដូច្នេះ​ហើយ អំឡុង​ពេល World Cup ​នេះ ​បណ្ដា​ប្រទេស​មួយ​ចំនួន​មាន​គម្រោង​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​សិទ្ធិ​មនុស្ស ​និង​ចេញ​មុខ​ការងារ​ទៅ​លើ​ការ​រំលោភ​បំពាន​ផ្សេង​ៗ​ផង​ដែរ។

​ដោយសារ​តែ​ដឹង​ពី​គម្រោង​មុន​បែប​នេះ​ហើយ ទើប​បាន​ជា FIFA ​បាន​ផ្ញើ​លិខិត​ប្រាប់​មុន ​មិន​ឱ្យ​បណ្ដា​ប្រទេស​ទាំង​អស់​ដែល​ចូល​រួម​ធ្វើ​ជ្រុល​ពេក​នោះ​ទេ ចំពោះ​ការ​គាំទ្រ​ដល់​សិទ្ធិ​មនុស្ស​របស់​ពួកគេ។ ​ដោយ​ក្នុង​លិខិត​បាន​សរសរ​បញ្ជាក់​ច្បាស់​ថា ​ក្រុម​ដែល​ចូល​រួម​លេង World Cup 2022 ​សូម​ផ្ដោត​តែ​លើ​ការ​លេង​បាល់ទាត់​មួយ​ប៉ុណ្ណោះ កុំ​បង្កើត​ជា​សកម្មភាព​អ្វី​ផ្សេង​ទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT