ភ្ញាក់ផ្អើល Pique ​ប្រកាស​ចូល​និវត្ដន៏​ពី​បាល់ទាត់​ហើយ​

​ខ្សែ​ការពារ Gerrard Pique ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​យ៉ាង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​កាល​ពី​យប់មិញ​នេះ ​ក្រោយ​ពី​រូបគេ​ចំណាយ​ពេល​១៤​ឆ្នាំ​នៅ FC Barcelona ។

​កីឡាករ​វ័យ​៣៥​ឆ្នាំ ​នឹង​លេង​ប្រកួត​ចុង​ក្រោយ​របស់​គេ​នៅ​ចុង​សប្ដាហ៍​នេះ​តែ​ម្ដង​ឱ្យ​ក្រុម FC Barcelona ។ ​ក្រោយ​ពី​នោះ​ទៅ ​Legend ​របស់​ក្រុម​អ្នក​មាន​បុណ្យ​នឹង​ព្យួរ​ស្បែក​ជើង​ហើយ។ ​រឿង​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​បាល់ទាត់​មាន​ការ​ភ្ញាក់ផ្អើល​ផង​ដែរ ព្រោះ Pique ​ទើប​មាន​បញ្ហា​គ្រួសារ​ជាមួយ Shakira ​ប៉ុន្មាន​ខែ​មុន​នេះ​ទេ ​ហើយ​ឥឡូវ​ក៏​ស្រាប់​តែ​ចូល​និវត្ដន៍​ពី​វិស័យ​បាល់ទាត់​ទៀត។

កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ ​ចំណាយ​ពេល​១៤​ឆ្នាំ​ជាមួយ​ក្រុម Barcelona ​និង​បាន​ជួយ​ក្លឹប​នេះ​ឈ្នះ​ពាន​រង្វាន់​រហូត​ដល់​ទៅ​៣០​ពាន​ឯ​ណោះ​ក្នុង​ការ​បង្ហាញ​ខ្លួន​៦០០​ប្រកួត​។ ដោយ​ពាន​ធំ​ៗ​មាន La Liga ​៨​ដង Champions League ​៣​ដង ​និង Copa del Rey ​៧​ដង។ នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​មិន​សូវ​បាន​លេង​នោះ​ទេ ​ហើយ​លោក Xavi ​ក៏​បញ្ជាក់ Pique អាច​រក​ក្លឹប​ថ្មី​លេង​ផង​ដែរ តែ​សាមី​ខ្លួន​មិន​ព្រម​ទៅ​ណា​ចង់​លេង​ឱ្យ​តែ Barcelona ​មួយ​គត់។ ​ក្រៅ​ពី​ក្លឹប​អ្នក​មាន​បុណ្យ​នេះ គេ​មាន​តែ​ជម្រើស​ចូល​និវត្តន៍​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT