ស្មាត់របស់ជម្រើសជាតិកម្ពុជា ពិន សារុន បានរងរបួសគ្រេចប្រអប់ជើង អំឡុងប្រកួតមិត្តភាព ទល់យុវជនក្រោម ២១ឆ្នាំ របស់ជម្រើសជាតិ គុយបា ប៉ុន្តែវាមិនបង្កជារបួសធ្ងន់ធ្ងរខ្លាំងនោះទេ។
បើតាមការបញ្ជាក់ សារុន នឹងប្រើពេលត្រឹមប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះដើម្បីឱ្យជាសះស្បើយពីរបួសគ្រេចជើងនេះវិញ ពោលគឺអាចជាសះស្បើយទាន់ការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ខាងមុខមិនខាន។ ស្មាត់កម្ពស់ ២,០១ម៉ែត្ររូបនេះ ក៏និយាយទៀតថាប្រសិនបើរបួសនេះធ្វើឱ្យគេខកខានការប្រកួតស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ គេនឹងសោកស្ដាយខ្លាំងជាក់ជាមិនខាន។
ពិន សារុន ជាកូនសោមួយដ៏សំខាន់របស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្នុងការឆ្ពោះទៅរកការប្រជែងយកមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។ កីឡាកររូបនេះ ក៏ជាស្មាត់ដ៏សំខាន់ កាលឆ្នាំ២០២២ ស៊ីហ្គេមនៅវៀតណាម ដែលជាចំណែកមួយក្នុងការជួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា ឈ្នះមេដាយសំរឹទ្ធ ផងដែរ៕