កីឡា​កាយសម្ព័ន្ធកម្ពុជា រីក​ចម្រើន​លឿន​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​

​អ្នក​ជំនាញ​អន្ដរជាតិ ​បាន​អះអាង​ថា​កីឡា​កាយសម្ព័ន្ធកម្ពុជា ​មាន​ភាព​រីក​ចម្រើន​លឿន​គួរ​ឱ្យ​កត់​សម្គាល់​មែនទែន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

​លោក​ ណយ ផាណា ​អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា​បាន​បញ្ជាក់​ថា ​ការ​ឈ្នះ​មេដាយ​ប្រាក់ ​ពីការប្រកួតជើងឯកអាស៊ី នៅប្រទេសថៃ កន្លងមក បាន​ធ្វើ​ឱ្យ​អ្នក​ជំនាញ​បច្ចេកទេស​អន្តរជាតិ​ ភ្ញាក់ផ្អើលពីការរីកចំរើនរបស់អត្តពលិកកម្ពុជា ក្នុងបរិបទកូវីត-១៩ រយៈពេល២ឆ្នាំ ដោយ​ពួកគេ​មា​នការងឿង​ឆ្ងល់ថា​ ហេតុអ្វីបានជាកម្ពុជាប្រែមុខមាត់ខ្លាំង​ហួសពីការស្មាន។

លោក ណយ ផាណា បញ្ជាក់ថា ដោយមានការខិតខំរួមគ្នា ជាពិសេសកម្ពុជា​ បាន​យក​វិបត្តិ​ក្លាយជា​ឱកាស ​ដោយការចាក់វ៉ាក់សាំងដល់ដូសទី៤ និងទី៥ អស់ហើយ និង​ដោយ​រាជរដ្ឋាភិបាល​យកចិត្ត​ទុក​ដាក់​ខ្លាំង នេះជាចំណុចទី១សំខាន់។ ទី២ កីឡាករ កីឡាការិនី គ្រូបង្វឹក​ស្ម័គ្រចិត្តរួមគ្នា​នៅ​កន្លែង​តែ​មួយ​ ដើម្បីធ្វើការហ្វឹកហាត់ ចំណុចនេះហើយ ត្រូវបានអ្នកបច្ចេកទេសអន្តរជាតិវាយតម្លៃថា សមិទ្ធផល​នេះ ​ស័ក្តិសមនឹងទទួល។ ​

លោកអគ្គលេខាធិការ បន្តថា ​សមិទ្ធផល​ទាំងអស់នេះ​ កើត​ចេញ​ពី​ការ​យកចិត្តទុក​ដាក់របស់​ឯក​ឧត្តម​បណ្ឌិត ​ថោង ខុន​ រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និង​លោកឧកញ៉ា សុខ ហុង អនុប្រធានសហព័ន្ធ ដែល​តែងតែ​ផ្តល់​អនុសាសន៍​ អោយ​សហព័ន្ធ​មួយ​នេះ ដំណើរការបានល្អ ហើយ​ឈាន​ទៅរកមេដាយ​តាម​សន្ទស្សន៍​ដាក់​ចេញ​របស់​ Camsoc គឺ​មេដាយ​មាស ​០១គ្រឿង ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើក​ទី​៣២ ​នាឆ្នាំ​២០២៣។ អញ្ចឹង​បើផ្អែក​លើ​ផែន​ការ​ដែលដាក់នោះ សហព័ន្ធ​មានគោលការណ៍​ជាក់​លាក់ ​ផែនការ​ច្បាស់​លាស់​ថា តើយើង​ត្រូវ​រៀប​ចំ​ដូចម្តេច។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT