សង្វៀន Muay Thai ក្នុងពហុកីឡាដ្ឋាន Rajademnern នៅទីក្រុងបាងកក នឹងត្រូវកក្រើកសារជាថ្មីនៅល្ងាចថ្ងៃសុក្រ ទី ២៨ តុលាខាងមុខនេះ ដោយជាការប្រកួតលក្ខណៈ Kickboxing រវាងស្តេចប្រដាល់ចាស់វស្សារបស់ប្រទេសថៃ និងអ្នកប្រដាល់ងើបចេញពីការចូលនិវត្តរបស់ប្រទេសជប៉ុន។
នោះគឺសត្រូវចាស់ប៉ះគ្នាលើសង្វៀនជាថ្មី រវាង Buakhaw Banchamek ទល់ Yoshihiro Sato ដែលនេះគឺជាការជួបគ្នាលើកទី ៥ និងជាលើកដំបូងប៉ះគ្នាលើទឹកដីថៃ។ កម្មវិធីប្រកួត នឹងចាប់ផ្ដើមផ្សាយបន្តផ្ទាល់លើទំព័រ CTS Sports ដែលអ្នករាល់គ្នាកំពុងទស្សនា នៅវេលាម៉ោង ១៨:០០ នាទីល្ងាច ថ្ងៃសុក្រតទៅ ដូច្នេះក៏កុំភ្លេច Follow និង Share ទុកម្នាក់មួយឲ្យហើយទៅ។
រំឭកប្រវត្តិជួបគ្នារវាង Buakhaw និង Sato:
លើកទី ១) នៅកម្មវិធី K-1 Max 2006 World Championship Final ប្រទេសជប៉ុន នាវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ ប៊ូខាវ បានយកឈ្នះដោយលទ្ធផល KO ទៅលើ សាតូ ត្រឹមតឹកទី ២
លើកទី ២) នៅកម្មវិធី K-1 World Max 2008 Japan Tournament ប្រទេសជប៉ុន ប៊ូខាវ បានយកឈ្នះដោយពិន្ទុ ទៅលើ សាតូ
លើកទី ៣) នៅកម្មវិធី K-1 World Max 2008 Final 8 ប្រទេសជប៉ុន ប៊ូខាវ បានសន្លប់ក្រោមថ្វីដី សាតូ នៅតឹកទី ៣
លើកទី ៤) នៅកម្មវិធី MAX Muay Thai 4 ប្រទេសជប៉ុន ប៊ូខាវ បានយកឈ្នះដោយពិន្ទុ ទៅលើ សាតូ នេះជាការជួបគ្នាលើកចុងក្រោយក្នុងឆ្នាំ ២០១៣
រហូតមកដល់ខែឧសភា ឆ្នាំ ២០១៥ អ្នកប្រដាល់វ័យ ៤១ ឆ្នាំរបស់ជប៉ុន ក៏សម្រេចចូលនិវត្ត បន្ទាប់ឆ្លងកាត់អាជីពលើសង្វៀន សរុប ៧៨ ប្រកួត ឈ្នះ ៥៤ ដង វាយគូប្រកួតឲ្យសន្លប់ ២០ ដង ស្មើ ១ ដង និងចាញ់ ២៣ ដង។ ដូច្នេះមានន័យថា សារនេះ ជាការត្រលប់មកវិញ ក្រោយខកខានប្រកួតអស់រយៈកាលជាង ៧ ឆ្នាំមកហើយ។
ដោយឡែកយើងបង្វែរទៅមើលប៊ូខាវ អ្នកប្រដាល់សាច់ចាំ វ័យ ៤០ ឆ្នាំរបស់ថៃ ក៏បានសម្រាកមួយរយៈពីសង្វៀនកំឡុងការផ្ទុះជំងឺរាតត្បាត COVID-19 ហើយទើបតែវិលមកការប្រកួតផ្លូវការ នៅឯទីក្រុងភ្នំពេញ កាលពីខែកក្កដា យកឈ្នះដោយពិន្ទុ ទៅលើអ្នកប្រដាល់បេឡារូស Dmitry Varats ក្នុងកម្មវិធី World Fight Kun Khmer Series។ បើទៅមើលស្ថិតិជារួម ឆ្លងកាត់ការប្រកួត ២៧៦ ដង ឈ្នះ ២៤០ ដង វាយគូប្រកួតឲ្យសន្លប់ ៧៣ ដង ស្មើ ១២ ដង និងចាញ់ ២៤ ដង។ ជាការពិត ដូចបង្ហាញពីខាងលើ ប៊ូខាវស្គាល់បរាជ័យ ដោយលទ្ធផល KO តែមួយដងគត់ក្នុងអាជីព ជាង ២០ ឆ្នាំមកនេះ គឺក្រោមថ្វីដៃរបស់ សាតូ កាលពី ១៤ ឆ្នាំមុននោះឯង។
រំឭកឲ្យដឹងថា កម្មវិធី Rajadamnern World Series ខាងមុខនេះ ក៏បានអញ្ជើញអ្នកប្រដាល់មុខស្រស់ Kota Miura មកចូលរួមជាថ្មីផងដែរ តែក្នុងនាមជាភ្ញៀវកិត្តិយស។ អាយុខុសគ្នា ២០ ឆ្នាំធៀបនឹងប៊ូខាវ តែនិយាយអំពីទំនាក់ទំនងរវាងអ្នកទាំងពីរ ហាក់ចុះសម្រុងគ្នាយ៉ាងឆាប់រហ័ស ហើយជារឿយៗពេលចុងក្រោយ ក៏ប្រទះឃើញលេងសើចកាយវិការទៅមកញឹកញាប់ផងដែរ៕
ប្រភព៖ បរទេស