សហព័ន្ធ​ជឺជិតស៊ូ ​ជឿ​ជាក់ ខាន់ ចេសា ​នឹង​ទទួល​បាន​មេដាយ​នៅ​ស៊ីហ្គេម​២០២៣​ជូន​កម្ពុជា​

សហព័ន្ធ​កីឡា​ជឺជិតស៊ូ ​មាន​ទំនុក​ចិត្ត​ថា​ការ​ប្រកួត​នៅ​ស៊ីហ្គេម​នា​ឆ្នាំ​ក្រោយ​នេះ ​នឹង​ទទួល​បាន​មេដាយ​មាស​ជូន​ជាតិ​មិន​ខាន ​ជា​ពិសេស​ទៅ​លើ​សមត្ថភាព​របស់​កីឡា​ការិនី ខាន់ ចេសា ​តែ​ម្ដង។

​សហព័ន្ធកីឡាជីជីតស៊ូកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល គ្រូបង្វឹក​ និង​មន្ត្រី​បច្ចេក​ទេស​កីឡា​ជឺជីតស៊ូ​កម្រិតមូលដា្ឋន ​ដែលបានបញ្ចប់ជាស្ថាពរ កាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០២២ ​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា​ ដោយ​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​ជំនាញ​កីឡា​មួយ​នេះ​បាន​ចាត់​ទុកថា ​នេះជាការអភិវឌ្ឍធនធានមនុស្សឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ​២០២៣។

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំស្របតាមផែនការមេរបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ដែល​បាន​ប្រព្រឹត្ត​ទៅកាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។ ទន្ទឹមនេះ កីឡា​ជឺជីតស៊ូ​ជា​ប្រភេ​ទកីឡា​ ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាអង្គភាពទទួលបន្ទុក ក្នុង​ក្របខណ្ឌ​ប្រភេទ​កីឡា​តំណាង​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​សម្រាប់ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ​ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅ​រាជធានី​ភ្នំ​ពេញ ​និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣។

ជឺជីតស៊ូ គឺជាប្រភេទកីឡាដែលមានសក្តានុពលខ្ពស់ ក្នុងការដណ្ដើមមេដាយកម្រិតអន្តរជាតិ ជា​ពិសេស​សហព័ន្ធ​មានកីឡាកា​រិនី ខាន់ ជេសា ដែលជាកីឡាការិនីឆ្នើមធ្លាប់​ដណ្ដើម​បានមេដាយ​ជា​ច្រើន​ជូន​ជាតិ។ ចំពោះការអភិវឌ្ឍបច្ចេកទេស និងធនធានមនុស្ស នាពេលនេះ គឺដើម្បី​សម្រួច​គោល​ដៅ​ឆ្ពោះ​ទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជា​ប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ ដោយ​សហព័ន្ធ​ជឿ​ជាក់​ថា​នឹង​ទទួល​បាន​មេដាយ​ជូន​ជាតិ​មិន​ខាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT