អបអរ ​ក្រុម​វាយ​កូន​បាល់​កម្ពុជា​ឡើង​ទៅ​កម្រិត​៣​ប្រចាំ​តំបន់​អាស៊ាន​ហើយ​

ការ​យក​ឈ្នះ​លើ​ក្រុមសិង្ហបុរី ២-១ ដើម្បី​​ទទួលបានតំណែងជើងឯក ក្នុង​ការ​ប្រកួតប្រចាំតំបន់ Asia/Oceania Group IV​នេះ បានជួយ​ឱ្យ​ក្រុមជម្រើសជាតិ​វាយកូនបាល់កម្ពុជា ឡើង​ទៅ​លេង​នៅ​កម្រិត​៣Asia/Oceania Group III នៃ​ព្រឹត្តិ​ការណ៍ Davis Cup 2023 ​ហើយ​។

​ក្រុម​កីឡា​វាយ​កូន​បាល់​ជម្រើស​ជាតិ​កម្ពុជា​ បានសម្រេចគោលដៅដ៏ធំមួយ​ ក្នុងការ​ឡើង​ទៅប្រកួត​កម្រិត​៣ ​ប្រចាំ​តំបន់​អាស៊ី/អូសេអានី​ (Asia/Oceania Group III) វិញ​ នៃព្រឹត្តិការណ៍​វាយកូន​បាល់​ពិភព​លោក​ Davis Cup 2022 បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិសិង្ហបុរី ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅទីក្រុង Isa Town ប្រទេសបារ៉ែន។ ​នេះ​គឺជាការសម្រេច​ជោគជ័យមួយដ៏​ធំរបស់ក្រុម​កីឡា​វាយ​កូន​បាល់​កម្ពុជា​ ដែលបាន​ត្រឡប់ទៅកាន់កៅអីកម្រិត៣ នៃព្រឹត្តិការណ៍ពិភពលោកនេះវិញ បន្ទាប់​ពី​ខកខាន​អស់រយៈ​ពេល​ ៦ឆ្នាំ ​ហើយក៏ជាការសម្រេចគោលដៅមួយដ៏ធំ ក្នុងផែនការរបស់សហព័ន្ធ សម្រាប់​ដំណើរ​ឆ្ពោះ​ទៅ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ស៊ីហ្គេម ​លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នាពេល​ខាង​មុខ​ផង​ដែរ។

ការប្រកួតកីឡា​វាយកូនបាល់កម្រិតពិភពលោក Davis Cup 2022 នេះ កម្ពុជាបានបញ្ជូនកីឡាករ ៥​រូប​ចូលរួម​ គឺមានកីឡាករ ឡុង សំនៀង, ឃ្លាំង ពន្លក, ប៊ុន កេន្នី (ខ្មែរ-បារាំង), Tep Timothy និង Matthew David​ Krusling​។ នេះជាជោគជ័យដ៏ប្រសើរសម្រាប់ក្រុមវាយកូនបាល់កម្ពុជា ដើម្បី​ជាទំនុកចិត្ត​សម្រាប់​ត្រៀម​លក្ខណៈ​ធ្វើ​ម្ចាស់​ផ្ទះការ ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT