Cristiano Ronaldo បានក្លាយជាតួអង្គសំខាន់ឱ្យ Juventus វាយបកយកឈ្នះលើក្រុម Empoli ២-១ វិញ ក្នុងការប្រកួតកាលពីយប់មិញនេះ។ការប្រកួតសប្ដាហ៍ទី ១០នៅលីគអ៊ីតាលី ក្រុម Juventus នៅតែមិនទាន់រកឃើញពាក្យចាញ់ដដែល ក្រោយពីអាចវាយបកយកឈ្នះលើក្រុម Empoli វិញបាន។
ម្ចាស់ផ្ទះ Empoli រកបាន១គ្រាប់មុន នៅនាទី២៨ ប៉ុន្តែវាមិនមែនជាជ័យជម្នះទេ។ ចូលតង់ទី២ Juventus ដែលមានដោយកីឡាករឆ្នើមៗច្រើននោះ រកបាន១គ្រាប់តាមស្មើវិញ ដោយ Ronaldo ទាត់ប៉េណាល់ទី។
ក្រោយពីបានស្មើគ្នានេះហើយ ក្រុមសេះបង្កង់នៅតែបន្ដសម្រុកដដែល រហូតដល់រកបាន១គ្រាប់ទៀត ដោយ Ronaldo ដដែល ដើម្បីយកជ័យជម្នះតែម្ដង។
Ronaldo បច្ចុប្បន្នរកបាន៧គ្រាប់ហើយនៅក្លឹប Juventus ក្នុងលីគអ៊ីតាលី។ ចំនួនគ្រាប់នេះបានធ្វើឱ្យរូបគេឈរនៅចំណាត់ថ្នាក់លេខ២ក្នុងតារាង ដោយលេខ១បានទៅលើកីឡាកររបស់ក្រុម Genoa ឈ្មោះថា Paitek រកបាន៩គ្រាប់៕ប្រភព៖ DailyMail