កីឡាករបាល់ទះកម្ពុជា ពិន សារុន បានរងរបួសជើងធ្ងន់ធ្ងរ អំឡុងការប្រកួតមិត្តភាពជាមួយក្រុមគុយបា កាលពីល្ងាចមិញនេះ ដែលតម្រូវឱ្យគេត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ស្មាត់ជំនាញវាយ៣ម៉ែត្រខាងលើនេះ បានក្លាយជាតួអង្គសំខាន់ក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជានិងក្លឹបអាជីពវិសាខានៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ សារុន ឡើងទឹកដៃមែនទែន ជាពិសេសការវាយផ្ដាច់៣ម៉ែត្ររបស់ខ្លួនដែលសឹងតែធ្វើបានជោគជ័យគ្រប់គ្រាប់ទៅហើយ។ យ៉ាងណាមិញ គួរឱ្យសោកស្ដាយ រូបគេបានរបួសជើង អំឡុងពេលលេងទល់ក្រុមគុយបាម្សិលមិញនេះ ពោលគឺភ្លាត់នៅពេលលោតវាយបាល់ និងធ្លាក់មកវិញ។
គេមិនទាន់អាចដឹងច្បាស់ថានឹងត្រូវសម្រាកប៉ុន្មានខែនោះទេ ប៉ុន្តែនេះជាការខាតបង់មួយផងដែរសម្រាប់ក្រុមកម្ពុជា ជាពិសេសត្រៀមលេងស៊ីហ្គេមនៅឆ្នាំក្រោយផង។ អ្នកគាំទ្រសុទ្ធតែជូនពរឱ្យគេឆាប់ជាសះស្បើយដើម្បីបានមកជួយក្រុមវិញ។ សម្រាប់ការប្រកួតមិត្តភាពម្សិលមិញវិញ ក្រុមបាល់ទះកម្ពុជា បានយកឈ្នះលើក្រុមបាល់ទះគុយបាក្នុងលទ្ធផល ៣-១៕