លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជា បានអះអាងថាក្រុមកម្ពុជាមិនអាចព្រងើយបានទេសម្រាប់ស៊ីហ្គេម២០២៣ខាងមុខ ព្រោះក្រុមការពារមេដាយមាសឥណ្ឌូណេស៊ីបានចេញទៅហ្វឹកហាត់នៅអាមេរិកបាត់ទៅហើយ។
លោកអគ្គលេខាធិការខាងលើបានបញ្ជាក់ថា គោលដៅរបស់សហព័ន្ធបាល់ទះ គឺធ្វើយ៉ាងណាប្រឹងប្រែងស្វែងរកមេដាយ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ ពិសេសនោះ គឺសហព័ន្ធចង់បានមេដាយមាស។ ពេលនេះ លោកមើលឃើញថា សហព័ន្ធបាល់ទះ ឥណ្ឌូណេស៊ី បានចេញទៅហាត់នៅ USA រហូតដល់ចំនួន ៦ខែ។ ដូច្នេះ សម្រាប់កម្ពុជា ដើម្បីសម្រេចគោលដៅ គឺកាន់តែពិបាក។
លោកបណ្ឌិតអះអាងថា៖ “ប្រទេសឥណ្ឌូណេស៊ី គេបានបញ្ជូនកីឡាករបាល់ទះរបស់គេ ទៅហាត់នៅអាមេរិកហើយ ដើម្បីការពារជើងឯក ក្នុងនាមជាម្ចាស់មេដាយមាស ស៊ីហ្គេម ២០២២។ ដូច្នេះ បើយើងចង់បានមេដាយមាស នៅឆ្នាំ២០២៣ យើងត្រូវតែខំឲ្យបានខ្លាំងបំផុត”៕