៣៨​ ប្រភេទ​កីឡា​ត្រូវ​ប្រកួត ​នៅ​កីឡា​ជាតិ​នៅ​ចុង​ឆ្នាំ​នេះ​

ការ​ប្រកួត​កីឡា​ជាតិ​ លើក​ទី៣​ នឹង​ចាប់​ផ្ដើម​ធ្វើ​ជា​ថ្មី​នៅ​ថ្ងៃ​ទី១៩​ ដល់​ ៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ នេះ​ ខណៈ​មាន​ ៣៨​ប្រភេទ​កីឡា​ និង​មាន​រហូត​ ៤០៥​ វិញ្ញាសា។​

ក្រោយ​លើក​ពេល​រៀបចំ​ដោយ​សារ​ផ្ទុះ​ជំងឺ​កូវីដ​ ឥលូវ​នេះ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ប្រកាស​ហើយ​ថា​កីឡា​ជាតិ​ លើក​ទី៣​ នឹង​ធ្វើ​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​ទី១៩-៣០​ ខែ​វិច្ឆិកា​ ២០២២ ។​ ក្នុង​នោះ​ខាង​ផ្នែក​ប៉ារ៉ាឡាំពិក​គឺ​មាន​ ៧​ប្រភេទ​កីឡា។​

ចំពោះ​ទីតាំង​សម្រាប់​ប្រកួត​រួម​មាន​ រាជធានី​ភ្នំពេញ​ កែប​ កំពត​ ព្រះសីហនុ​ និង​ខេត្ត​សៀមរាប។​ ពិធី​បើក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី២១​ វិច្ឆិកា ឯពហុ​កីឡដ្ឋាន​មរតក​តេជោ​ ក្រោម​អធិបតីភាព​សម្ដេច​តេជោ​ ហ៊ុន​ សែន។​ គោល​បំណង​នៃ​ការ​រៀបចំ​កីឡា​ជាតិ​នេះ​គឺ​ផ្ដល់​ឱកាស​ដល់​សហព័ន្ធ​ឲ្យ​បាន​រៀបចំ​ការ​ប្រកួត​ និង​ដាក់​មន្ត្រី​ដែល​បាន​បណ្ដុះបណ្ដាល​ឲ្យ​អនុវត្តន៍​ជាក់ស្ដែង​លើ​ទីលាន​ដើម្បី​ទទួល​បាន​ចំណេះដឹង​ បទ​ពិសោធ។​ ជា​ការ​វាស់​ស្ទង់​គុណផល​របស់​កីឡាករ​ កីឡា​ការិនី​ រៀបចំ​ទីលាន​ប្រកួត​ឲ្យ​ត្រូវ​តាម​ស្តង់ដារ​ និង​ជា​ការ​សាកល្បង​ចុង​ក្រោយ​ក្នុង​ការ​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ ២០២៣​ ខាង​មុខ។​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT