ក្លឹប PSG ទំនងមិនអាចទិញដូរកីឡាករបានទេ ក្រោយពីក្លឹបនេះត្រូវសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ កំពុងសើបរឿងចាយលុយច្រើនលើសកំណត់។
PSG បានចំណាយ២២២លានអឺរ៉ូសម្រាប់ទិញ Neymar ពីក្លឹប Barcleona ហើយចំណាយ១៨០លានអឺរ៉ូទៀតសម្រាប់ទិញយក Mbappe កាលពីរដូវកាលដោះដូរកីឡាករកន្លងទៅ។ ដូច្នេះការចំណាយរហូតដល់៤០២លានអឺរ៉ូទៅលើកីឡាករ២នាក់ដូច្នេះ អាចនឹងខុសច្បាប់របស់ Financial Fair Play rules ដែល UEFA បានកំណត់មិនឱ្យក្លឹបចាយលើសចំណូល។
ច្បាប់របស់ UEFA ទៅលើការទិញដូរកីឡាករគឺ តម្រូវឱ្យក្លឹបត្រូវរកចំណូលឱ្យបានប្រហាក់ប្រហែលទៅនឹងការចំណាយទិញដូរកីឡាករ។ ស្របពេលដែល PSG វិញ ការចំណាយគឺច្រើនលើសលប់ជាងចំណូលរបស់ខ្លួនហើយសម្រាប់ការទិញដូរកីឡាករកន្លងទៅនេះ។ ដូច្នេះហើយ ពួកគេអាចនឹងត្រូវពិន័យដូចកាលឆ្នាំ២០១៤ដែរ។
សូមបញ្ជាក់ថា ចំពោះក្លឹបដែលប្រព្រឹត្តផ្ទុយពីគោលដៅ FFP អាចទទួលការពិន័យដូចជា៖
- ការព្រមាន
- ការពិន័យជាប្រាក់
- ការដកពិន្ទុ
- ការបដិសេធផ្ដល់ប្រាក់បានពីកម្មវិធីប្រកួតដែលរៀបចំដោយ UEFA
- ការហាមឃាត់ក្នុងការចុះបញ្ជីឈ្មោះកីឡាករថ្មីក្នុងកម្មវិធីប្រកួតរបស់ UEFA
- ការរឹតបណ្ដឹងលើការចុះបញ្ជីកីឡាករក្នុងកម្មវិធីប្រកួតរបស់ UEFA
- ការហាមឃាត់ មិនឲ្យចូលរួមកម្មវិធីប្រកួតណាមួយ
- និងការដកចេញពីកម្មវិធីប្រកួតផ្សេងៗនៅពេលអនាគត៕