ស៊ីហ្គេម​នៅ​កម្ពុជា ​ត្រៀម​ជា​ស្រេច ​៣៨​ប្រភេទ​កីឡា ​និង​៦០៨​វិញ្ញាសា​

កីឡាចំនួន​ ៣៧ប្រភេទ​ និងកីឡាសម្ដែង (Demonstration Sport) ១ប្រភេទ ​ត្រូវបានសម្រេចជាផ្លូវការ សម្រាប់​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ដែល​ទទួល​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី​៣២​ ឆ្នាំ២០២៣ បាន​មាន​ប្រសាសន៍ថា​ ៖«យើង​បានឯកភាពគ្នាជាមួយប្រទេសសមាជិកស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម​របស់យើង ​ចំនួន ៣៨ប្រភេទកីឡា ក្នុងវិញ្ញាសា ៦០៨វិញ្ញាសា គឺយើង​បាន​ដាក់​ចេញ​ជា​ផ្លូវការ។ សម្តេចពិជ័យសេនា ឯកឧត្តមបណ្ឌិត ក៏បាន​ចុះហត្ថលេខា​កំណត់​ទៅ​លើ​ប្រភេទ​កីឡា ​និងវិញ្ញាសាអស់ហើយ ហើយ​ការកំណត់​នេះក៏​បានការ​ឯកភាព​ទាំងស្រុង​ពី​សមាជិក​ក្រុម​ប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍​ផង​ដែរ»។

ប្រភេទកីឡាដាក់ឲ្យប្រកួតជាផ្លូវការរួមមាន៖
១. អត្តពលកម្ម (Track&Field និង ម៉ារ៉ាតុង)
២. កីឡាលើទឹក (ហែលទឹក, លោតទឹក, បាល់ទឹក និងហែលទឹកជើងទា)
៣. វាយសី
៤. បាល់បោះ (៥×៥ និង ៣×៣)
៥. ប៊ីយ៉ា ស្នូកឃ័រ
៦. ប្រដាល់សកល
៧. កាយវប្បកម្ម
៨. អុក (អុកចត្រង្គ និងអុកចិន)
៩. ទោចក្រយាន (កង់គួក និងកង់ភ្នំ)
១០. គ្រីឃីត (T20/Sixes និង T50/T20)
១១. កីឡារាំ
១២. កីឡាអេឡិចត្រូនិក
១៣. គុនដាវ
១៤. Floorball
១៥. បាល់ទាត់ (បុរស-នារី)
១៦. វាយកូនហ្គោល
១៧. កាយសម្ព័ន្ធ (Aerobic និង Artistic)
១៨. ហុកគី (រួមបញ្ចូលក្នុងសាល និងក្រៅសាល)
១៩. ម៉ូតូទឹក
២០. យូដូ
២១. ការ៉ាតេ
២២. យុទ្ធគុនចម្រុះ (គុនល្បុក្កតោ, Arnis គុនដំបងរបស់ហ្វីលីពីន, ជឺជីតស៊ូ, ឃីកបុកសីង, វ៉ូវីណាម, គុនខ្មែរ)
២៣. កីឡាឧបសគ្គ
២៤. បញ្ចសីលា
២៥. ប៉េតង់
២៦. ទូកក្ដោង
២៧. សីដក់
២៨. សូហ្វតេន្នីស
២៩. វាយកូនឃ្លីលើតុ
៣០. តេក្វាន់ដូ WT
៣១. វាយកូនបាល់
៣២. ប្រណាំងទូកប្រពៃណី
៣៣. ទ្រីយ៉ាត្លុង (រួមទាំង អាគ័រត្លុង និងឌូអាត្លុង)
៣៤. បាល់ទះ (ក្នុងសាល និងលើឆ្នេរខ្សាច់)
៣៥. លើកទម្ងន់
៣៦. ចំបាប់
៣៧. វ៉ូស៊ូ

ដោយឡែក កីឡាទី៣៨ ជាកីឡាសម្ដែង (Demonstration Sport) ដែលមានជាលើកដំបូងនោះគឺកីឡា Teqball ជាកីឡាបាល់មួយដែលត្រូវបានលេងនៅលើតុកោង ដោយរួមបញ្ចូលគ្នានូវរបៀបលេងកីឡាបាល់ទាត់ និងវាយកូនឃ្លីលើតុ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT