ក្រុមបាល់ទះរបស់ប្រទេសសិង្ហបុរីបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ កាលពីរសៀលនេះ ដើម្បីត្រៀមខ្លួនចូលប្រកួតជាមួយក្រុមម្ចាស់ផ្ទះកម្ពុជានៅថ្ងៃទី១៥ខែតុលាឆ្នាំ២០២២ខាងមុខ។
ក្រុមបាល់ទះកម្ពុជា នឹងប៉ះក្រុមសិង្ហបុរីនៅថ្ងៃទី១៥ខាងមុខនេះ ដើម្បីអបអរសាទរពិធីបើកការប្រកួតដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២។ ថ្នាក់ដឹកនាំក្រុមសិង្ហបុរីបានបញ្ជាក់ថាពួកគេពិតជាសប្បាយរីករាយដែលកម្ពុជារៀបចំការប្រកួតមិត្តភាពនេះឡើង។ ក្រុមកម្ពុជា បច្ចុប្បន្នអាចចាត់ទុកថាជាក្រុមខ្លាំងមួយក្នុងតំបន់ បន្ទាប់ពីពួកគេបានបង្ហាញសមត្ថភាពយ៉ាងល្អក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកន្លងទៅ ដោយយកឈ្នះលើក្រុមជម្រើសជាតិថៃបាន។
លោក Chia Min Chong អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះសិង្ហបុរី បានអះអាងថា៖ ខ្ញុំគិតថា កម្ពុជាពិតជាបានអភិវឌ្ឍវិស័យបាល់ទះ គឺបានល្អប្រសើរខ្លាំងមែនទែន។ នេះហើយបានជាយើងចង់សាកថ្វីដៃជាមួយប្រទេសដែលខ្លាំង(កម្ពុជា)។ លទ្ធផល គឺបានបង្ហាញយ៉ាងច្បាស់ នៅពេលកម្ពុជាអាចប្រកួតប្រជែងយកឈ្នះក្រុមជម្រើសជាតិថៃ(ស៊ីហ្គេម នៅវៀតណាម) ។ ខ្ញុំអាចសន្និដ្ឋានបានថា កម្ពុជាបច្ចុប្បន្ននេះ សម្រាប់បាល់ទះ គឺស្ថិតនៅលំដាប់កំពូល(TOP)ហើយ៕