Barcelona នឹងបាត់បង់ ១៨លានផោនប្រសិនបើធ្លាក់ចេញពី Champions League ខណៈក្លឹបរំពឹងយ៉ាងហោចឈានដល់វគ្គ ៨ ក្រុមដើម្បីទូទាត់ចំណាយនារដូវដោះដូរកីឡាករមុន

ការបរាជ័យរបស់ Barcelona ក្នុងការផ្តួល Inter Milan ក្នុងក្របខ័ណ្ឌ Champions League អាចមានផលវិបាកធ្ងន់ធ្ងរផ្នែកហិរញ្ញវត្ថុជាងហេតុផលកីឡា។

បន្ទាប់ពីលទ្ធផលស្មើ ៣-៣ កាលពីយប់មិញនៅកីឡដ្ឋាន Camp Nou ក្រុមអ៊ីតាលីអាចនឹងទម្លាក់ Barcelona ចេញពីការប្រកួត ប្រសិនបើពួកគេយកឈ្នះក្រុម Viktoria Plzen នៅកីឡដ្ឋាន San Siro នៅសប្តាហ៍ក្រោយ។

ដូចដែលគ្រប់គ្នាបានដឹង Barcelona បានចំណាយប្រាក់ជាង ១៣២លានផោនលើការកសាងក្រុមឡើងវិញនៅរដូវក្តៅ ប៉ុន្តែដើម្បីទូទាត់លើចំណាយដែលពួកគេបានចាយក្នុងរដូវកាលនេះ យ៉ាងហោចណាស់ក្រុមត្រូវឈានទៅវគ្គ ៨ ក្រុមចុងក្រោយ។

ប្រសិនបើ Barcelona បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងពូលរបស់ពួកគេ ដូច្នេះពួកគេនឹងត្រូវធ្លាក់ទៅ Europa League។

Barcelona នឹងទទួលបានប្រហែល ៨.៤លានផោនប្រសិនបើពួកគេឈានដល់វគ្គ ១៦ ក្រុមចុងក្រោយ និង ៩.៣លានផោនបន្ថែមទៀតប្រសិនបើពួកគេឈានដល់វគ្គ ៨ ក្រុមចុងក្រោយ។

បន្ថែមពីនេះ ពួកគេនឹងទទួលបានប្រាក់បន្ថែម ១១លានផោនសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយអាចរកបានបន្ថែម ១៣.៦លានផោន ឬ ១៧.៥លានផោន អាស្រ័យលើថាតើពួកគេឈ្នះវគ្គផ្តាច់ព្រ័ត្រឬក៏អត់។

ប៉ុន្តែជាក់ស្តែង ក្រុមយក្សកាតាឡាន់មួយនេះ ទំនងជាមិនអាចឆ្លងផុតវគ្គចែកពូលនោះទេ៕

ប្រភព៖ Daily Mail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT