Barcelona ​ប្រឈម​ការ​ធ្លាក់​ទៅ​លេង​នៅ Europa League ​ទៀត​ឆ្នាំ​នេះ​

​ក្រុម FC Barcelona ​ប្រឈម​ខ្លាំង​មែនទែន​ក្នុង​ការ​ធ្លាក់​ទៅ​លេង​នៅ​ពានរង្វាន់ Europa League ​បន្ទាប់​ពី​ពួកគេ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Inter Milan ​ក្នុង​លទ្ធផល ​៣-៣ ​នៅ​យប់មិញ។

​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​សប្ដាហ៍​ទី​៤​កន្លង​ទៅ​នេះ ឃើញ​ថា​ក្រុម Barcelona ​ខកខាន​ឱកាស​យក​៣​ពិន្ទុ​ពី​ក្រុម Inter Milan ​ទៅ​ហើយ។ ​មួយ​វិញ​ទៀត ​លទ្ធផល​ស្មើ​គ្នា ៣-៣ ​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​នេះ​ទៀត ​ក៏​នឹង​ធ្វើ​ឱ្យ​វាសនា​របស់​ក្រុម​អ្នក​មាន​បុណ្យ​កាន់​តែ​ពិបាក​ឡើង​វគ្គ​១៦​ក្រុម​ថែម​ទៀត ត្បិត​អី​ពួកគេ​ឆ្លង​កាត់​៤​ប្រកួត​មក​នេះ ​ទើប​មាន​៤​ពិន្ទុ​ប៉ុណ្ណោះ។ ស្រប​ពេល​ក្រុម Inter Milan ​វិញ ​មាន​ដល់​៧​ពិន្ទុ​ទៅ​ហើយ។ ​

ដូច្នេះ​តាម​ប្រកួត​នេះ ​ក្រុម Inter Milan ​មាន​សង្ឃឹម​ច្រើន ព្រោះ​នៅ​សល់​២​ប្រកួត​ទៀត​បញ្ចប់​ពូល​ហើយ ខណៈ​ដែល​ពួកគេ​នៅ​ប៉ះ​ក្រុម Plzen ​​ម្ដង​ទៀត ​និង​ប៉ះ​ក្រុម Bayern Munich ​។ Inter Milan ​ត្រូវ​ការ​ឈ្នះ​តែ​១​ប្រកួត​ក្នុង​ចំណោម​២​ប្រកួត​នេះ​ប៉ុណ្ណោះ​ដើម្បី​ទម្លាក់​ក្រុម Barcelona ​ឱ្យ​ទៅ​លេង​នៅ Europa League​។ ស្រប​ពេល Bayern Munich ​ក្នុង​ពូល​បាន​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT