Thierry Henry បានរិះគន់ Kylian Mbappe ជុំវិញការប្រកាន់តួនាទីលេងនៅក្នុងក្រុម

អតីតខ្សែប្រយុទ្ធជម្រើសជាតិបារាំង និង Arsenal កីឡាករ Thierry Henry បានរិះគន់តារាឆ្នើមរបស់ក្លឹប Paris Saint-Germain កីឡាករ Kylian Mbappe ចំពោះការខកចិត្តរបស់គាត់ទាក់ទងនឹងតួនាទីកណ្តាលនៅក្លឹប។

កាលពីដើមខែមុន Mbappe បានបញ្ចេញយោបល់របស់គាត់អំពីការរៀបចំរបស់គ្រូបង្វឹក PSG លោក Christophe Galtier ពេលបំពេញកាតព្វកិច្ចនៅជម្រើសជាតិ។ ប្រៀបធៀបភារកិច្ចរបស់គាត់សម្រាប់ក្រុមជម្រើសជាតិបារាំង និងក្លឹបរបស់គាត់ គាត់បាននិយាយថា៖

“អ្វីដែលពួកគេ​ចង់បានពីខ្ញុំនៅទីនេះគឺខុសគ្នា។ ខ្ញុំមានសេរីភាពនៅទីនេះច្រើនជាងនៅ PSG។ គ្រូបង្វឹកដឹងថាមានកីឡាករដូចជា Olivier Giroud ដូច្នេះហើយខ្ញុំអាចផ្លាស់ទី និងលេងកន្លែងចន្លោះប្រហោង។ នៅ Paris វា​ខុស​គ្នា​ គេ​ចង់​ឱ្យ​ខ្ញុំ​លេងជាតួនាទីស្នូលកណ្តាល”។

Henry បាន​ចែករំលែក​ការយល់ឃើញរបស់គាត់ជុំវិញការលើកឡើងរបស់ Mbappe នេះថា៖

“តើអ្នកដឹកនាំរបស់គាត់ ធ្វើឱ្យគាត់មានអារម្មណ៍ថាក្លឹបសំខាន់ជាង? ឬពួកគេធ្វើឱ្យគាត់មានអារម្មណ៍ថាគាត់សំខាន់ជាងក្លឹប? ខ្ញុំមិនចូលចិត្តលេងនៅចំហៀងនៅ Barcelona នោះទេ ខ្ញុំស្អប់តំណែងនេះណាស់។ ប៉ុន្តែខ្ញុំត្រូវតែធ្វើវាសម្រាប់ក្រុម ​មាន​ច្បាប់​តែ​មួយ​គត់​គឺ​ប្រសិន​បើ​គ្រូ​បង្វឹក​ចង់​ឱ្យ​អ្នក​ធ្វើ​អ្វី​មួយ នោះអ្នកត្រូវតែ​ធ្វើ​វា​ដើម្បី​លទ្ធផល​រួម​របស់​ក្រុម”។

ទោះបីជាយ៉ាងណា របាយការណ៍ជាច្រើនបានបង្ហាញថា Mbappe មិនចុះសម្រុងជាមួយក្លឹប ហើយមានបំណងចង់ចាកចេញពីក្លឹបនៅខែមករាខាងមុខនេះ៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT