Manchester United បញ្ជាក់ពីអត្ថន័យនៃការអបអរថ្មីរបស់ Cristiano Ronaldo ពេលស៊ុតចូល Everton

Ronaldo មិនបានអបអរគ្រាប់បាល់ Siuuu របស់គាត់ដូចរាល់ដងនោះទេ ក្នុងពេលដែលគាត់ស៊ុតគ្រាប់ទី ៧០០ សម្រាប់ក្លឹបនៅ Goodison Park ដោយគាត់បានអបអរស្ទីលថ្មីមួយទៀត។

ផ្ទុយទៅវិញ កីឡាករវ័យ ៣៧ ឆ្នាំរូបនេះបានអបអរដោយយកម្រាមដៃប្រទាក់គ្នា ហើយដាក់លើទ្រូង ឈរត្រង់ខ្លួន និងបិទភ្នែកបន្តិច ខណៈដែលមិត្តរួមក្រុមចំណូលថ្មី Antony ក៏បានធ្វើតាមផងដែរ។

នៅលើគេហទំព័រផ្លូវការរបស់ក្លឹប ពួកគេបានពន្យល់ថា “ឥឡូវនេះ យើងអាចបង្ហាញបានថា ការអបអររបស់ Ronaldo គឺជាការនិយាយលេងសើចជាមួយមិត្តរួមក្រុមរបស់គាត់ ដោយបង្ហាញពីទំនាក់ទំនងដ៏រឹងមាំក្នុងចំណោមកីឡាករនៅក្នុងក្រុមរបស់ Erik ten Hag”។

“ជាការពិតណាស់ Cristiano មានភាពល្បីល្បាញខាងពូកែថែរក្សារាងកាយខ្លួន និងធានាថាគាត់តែងតែស្ថិតក្នុងស្ថានភាពល្អបំផុត ដែលជាធម្មតាពាក់ព័ន្ធនឹងការខិតខំប្រឹងប្រែងជាច្រើនម៉ោងនៅលើទីលានហ្វឹកហាត់ និងនៅក្នុងកន្លែងហាត់ប្រាណ។ វាក៏រួមបញ្ចូលផងដែរនូវការសម្រាកម៉ោងពេលត្រឹមត្រូវ និងធានាថាគាត់មានការគេងគ្រប់គ្រាន់ដើម្បីជួយឲ្យឆាប់ជាសះស្បើយ៖ វាត្រូវបានគេរាយការណ៍ថា Ronaldo គេងច្រើនដងក្នុងមួយថ្ងៃ! ការអបអររបស់ CR7 នៅ Everton គឺសំដៅទៅពេលដែលគាត់ដេកនៅពេលធ្វើដំណើរជាមួយមិត្តរួមក្រុម ហើយមិត្តរួមក្រុមដទៃទៀតមិនបានចាប់អារម្មណ៍ពេលគាត់ដេកនោះទេ”៕

ប្រភព៖ Manchester United

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT