បើ​ឈ្នះ​សារ​នេះ ៤ ក្រុម​នឹង​កក់​កៅអី​វគ្គ ១៦ ក្រុម UCL ដោយ​មិន​ចាំ​បាច់​ខ្វល់​លទ្ធផល ២ ជុំ​បន្ទាប់

ដូច​បាន​បញ្ជាក់​តាំង​ពី​ខែ​មុន ថា​នៅ​ខែ​តុលា​គឺ​ជា​ពេលវេលា​មមាញឹក​ខ្លាំង​ក្នុង​ពិភព​បាល់ទាត់​ទូទាំង​តំបន់​អឺរ៉ុប ជាក់ស្តែង​ដូច​យប់​នេះ គឺ​ការ​ប្រកួត​នៅ Champions League បាន​វិល​ត្រលប់​មក​វិញ​ទៀត​ហើយ ដ្បិត​ទើប​បញ្ចប់​ការ​ប្រកួត​ធំៗ​កាល​ពី​ចុង​សប្ដាហ៍។ ទំព័រ CTS SPORT នឹង​កំដរ​អារម្មណ៍​បងប្អូន​អ្នក​ទស្សនា តាម​រយៈ​ការ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​ជំនួប​គូ​ពិសេស​ជា​ច្រើន ចាប់​ពី​ម៉ោង ១១:៤៥ នាទី​យប់​ថ្ងៃ​អង្គារ​នេះ​ត​ទៅ។

ងាក​មក​អត្ថបទ​នេះ ពួក​យើង​ចង់​ធ្វើ​ការ​បង្ហាញ​ឲ្យ​ប្រិយមិត្ត​បាន​ដឹង​ជា​មុន អំពី​ក្លឹប​នាំ​មុខ​ដាច់​ពិន្ទុ​ទាំង ៤ ដែល​ពួក​គេ​អាច​មាន​លទ្ធភាព​ឈោង​បាន​កៅអី​វគ្គ ១៦ ក្រុម​ចុង​ក្រោយ Champions League ដោយ​ស្វ័យប្រវត្តិ​ត្រឹម​ជុំ​ទី ៤ ប្រសិន​ជា​អាច​យក​ឈ្នះ បន្ថែម ៣ ពិន្ទុ​នៅ​ប្រកួត​ពាក់​កណ្តាល​សប្តាហ៍​នេះ ជា​ហេតុ​នាំ​ឲ្យ​លែង​ត្រូវ​ខ្វាយខ្វល់​នៅ ២ ជុំ​សេសសល់​នា​សប្តាហ៍​បន្តបន្ទាប់៖

៤) Napoli

ទៅ​មើល​លំដាប់​ពិន្ទុ​នៅ​ពូល A គិត​មុន​ជុំ​ទី ៤ មក​ដល់ គឺ Napoli មាន ៩ ពិន្ទុ នាំ​មុខ​លើ Liverpool មាន ៦ ពិន្ទុ, Ajax មាន ៣ ពិន្ទុ និង Rangers មាន ០ ពិន្ទុ។ ដូច្នេះ​ហើយ​ការ​តតាំង Ajax នៅ​យប់​ស្អែក វេលា​ម៉ោង ១១:៤៥ នាទី ក៏​រាប់​ជា​ប្រកួត​សំខាន់ ប្រសិន​ក្លឹប​ដឹកនាំ​ដោយ​លោក Luciano Spalletti ចង់​ជិះ​សេះ​ព្រលែង​ដៃ​នៅ​ប្រកួត​សេសសល់ ២ ជុំ​ចុង​ក្រោយ។

បើ Napoli យក​ឈ្នះ នោះ​នឹង​មាន ១២ ពិន្ទុ ដែល​សមល្មម​អាច​ផ្តល់​កៅអី​វគ្គ ១៦ ក្រុម ជា​ក្រុម​មួយ​ក្នុង​ចំណោម​ពីរ​ក្រុម នៃ​ពូល A ត្រូវ​ឡើង​ទៅ​វគ្គ​បន្ទាប់។

៣) Club Brugge

ក្រុម​មក​ពី​ប្រទេស​បែលហ្សិក​ធ្វើ​បាន​ល្អ​មិន​គួរ​ឲ្យ​ជឿ​នៅ​រដូវ​កាល​នេះ ហើយ​នៅ​ជុំ​ទី ៤ ក៏​ជា​ឱកាស​សម្រាប់​ពួក​គេ ដើម្បី​ធានា​កៅអី ១០០ ភាគរយ​ ទៅ​កាន់​វគ្គ ១៦ ក្រុម​ផង​ដែរ។ វា​អាច​កើត​ឡើង ប្រសិន​ណា​ជា Club Brugge អាច​យក​ឈ្នះ​ម្ចាស់ផ្ទះ Atletico Madrid នៅ​យប់​ស្អែក ដែល​នាំ​ឲ្យ​ពួក​គេ​ឡើង​បាន​ ១២ ពិន្ទុ ហើយ​រវាង Porto ឬ Bayer Leverkusen ជា​អ្នក​ឈ្នះ ក៏​មិន​ជះ​ឥទ្ធិពល​អ្វី ត្រូវ​ឲ្យ​ក្លឹប​ខាង​លើ​ព្រួយ​បារម្ភ​នោះ​ដែរ ដ្បិត​អី​ក្លឹប​បី​ផ្សេង​ទៀត កំពុង​ចាញ់​ដល់ ៦ ពិន្ទុ​ឯ​ណោះ។

២) Real Madrid

ក្រុម​ដឹកនាំ​ដោយ​លោក Carlo Ancelotti ត្រូវ​ប៉ះ Shkahtar Donetsk នៅ​ជុំ​ទី ៤ វេលា​ម៉ោង ០២:០០ នាទី​យប់​នេះ ដោយ​ប្រសិន​ណា​ជា​ឈ្នះ នោះ​នឹង​បន្ថែម​បាន​ដល់ ១២ ពិន្ទុ ដែល​មាន​ន័យ​ថា ប្រកួត​សេសសល់ ២ ជុំ ទោះ​ក្លឹប​ ៣ ផ្សេង​ទៀត អាច​ឈ្នះ​ហើយ Real Madrid ចាញ់ ក៏​នៅ​តែ​ពួក​គេ​អាច​ឡើង​បាន​ដែរ។ ក៏​ដោយសារ​ពេល​នេះ ក្នុង​ពូល F អធិរាជ​ស​មាន ៩ ពិន្ទុ, Shakhtar មាន ៤ ពិន្ទុ, RB Leipzig មាន ៣ ពិន្ទុ និង Celtic មាន ១ ពិន្ទុ។

១) Manchester City

ចំណេញ ១០ គ្រាប់ នាំ​មុខ ៣ ពិន្ទុ​លើ Dortmund និង ៨ ពិន្ទុ​លើ Sevilla/Copenhagen ក៏​ជា​ហេតុ​នាំ​ឲ្យ City អាច​សម្រេច​ការ​ឡើង​ទៅ​វគ្គ ១៦ ក្រុម​ឬ​អត់ ត្រឹម​លទ្ធផល​ជុំ​ទី ៤ នេះ​ឯង។ សំពៅ​មាស​មក​ពី​អង់គ្លេស​ត្រូវ​ប៉ះតោកំណាច មក​ពី​ដាណឺម៉ាក នៅ​ម៉ោង ១១:៤៥ នាទី​យប់​នេះ ហើយ​ប្រសិន​ជា​អាច​ឈ្នះ ថែម ៣ ពិន្ទុ នោះ​ជុំ​ទី ៥/៦ ក៏​អត់​ចាំ​បាច់​ខ្វល់​ពី​លទ្ធផល​ក្រុម​ដទៃ​បែប​ម៉េច​ដែរ ជា​រួម​គឺ​ពួក​គេ​សោយសុខ ត្រៀម​តែ​កម្លាំង​ចាំ​លេង​វគ្គ​បន្ទាប់​បាន​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT