អតីត​កីឡាករ Liverpool ​ថា Klopp ​ជិត​អស់​ពេល​ដឹក​នាំ​ក្រុម​ហង្ស​ក្រហម​ហើយ

​លោក Didi Hamann ​អតីត​កីឡាករ Liverpool ​បាន​អះអាង​ថា​លោក Jurgen Klopp ​ជិត​អស់​ពេល​ដឹក​នាំ​ក្រុម​ហង្ស​ក្រហម​ទៀត​ហើយ ​បន្ទាប់​ពី​លទ្ធផល​មិន​បាន​ល្អ​សោះ​នៅ​ដើម​រដូវ​កាល​នេះ​។

​Liverpool ​កំពុង​ចាញ់​ក្រុម​កំពូល​តារាង Arsenal ​រហូត​ដល់​១៤​ពិន្ទុ​ទៅ​ហើយ ​បន្ទាប់​ពី​លេង​ចាញ់​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​លទ្ធផល ៣-២។ ​ជាមួយ​ការ​បរាជ័យ​ផ្ទួន​ៗ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម​មួយ​នេះ​ស្ថិត​នៅ​ពាក់​កណ្ដាល​តារាង ​ហើយ​ស្ទើរ​តែ​បាត់​ឱកាស​ទៅ​ហើយ​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់ ​ត្បិត​អី​ក្រុម​មាន​ទម្រង់​លេង​មិន​ល្អ ​ហើយ​កីឡាករ​សំខាន់​ៗ​របួស​ច្រើន​ណាស់។

​ដោយសារ​តែ​ដូច្នេះ​ហើយ​ទើប​លោក Didi Hamann ​កីឡាករ​ធ្លាប់​លេង​នៅ Liverpool ​ពី​ឆ្នាំ​១៩៩៩​ដល់​២០០៦ ​អះអាង​ថា​ពេល​វេលា​ដឹក​នាំ​ក្រុម​របស់​លោក Klopp ​នៅ Anfield ​កាន់​តែ​កៀក​នឹង​បញ្ចប់​ហើយ។ ​សមាជិក​ក្នុង​ក្រុម​ហាក់​ដូចជា​មិន​ទុក​ចិត្ត​លើ​លោក​ទៀត​ទេ ​កីឡាករ​ម្នាក់​ៗ​លេង​មិន​មាន​អារម្មណ៍​ក្នុង​ខ្លួន​សោះ។ ​នេះ​ជា​សម្ពាធ​ធ្ងន់​មួយ​សម្រាប់​លោក Klopp ​ដើម្បី​ដោះស្រាយ ​ហើយ​ប្រសិន​បើ​នៅ​តែ​មិន​ល្អ​ទៀត ​នោះ​លទ្ធផល​នឹង​ពិបាក​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT