គួរឱ្យសរសើរ ប្រទេសជិតខាងគេទៅមុខរហូត យុវជន U-19 ថៃ និងឥណ្ឌូនេស៊ី ឡើងវគ្គខ្វែង AFC U-19 ហើយ

ក្នុងការប្រកួតពានរង្វាន់បាល់ទាត់យុវជនប្រចាំទ្វីបអាស៊ី AFC U-19 Championship 2018 វគ្គជម្រុះពូល បានស្វែងរកឃើញក្រុមជាបន្តបន្ទាប់ ដែលឡើងទៅវគ្គខ្វែង ពោលគឺ ៨ក្រុមចុងក្រោយបណ្តើរៗហើយ ក្នុងនោះរួមមានទាំងប្រទេសក្នុងតំបន់អាស៊ាន គឺ ថៃ និង ឥណ្ឌូនេស៊ី។ថៃ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានយកឈ្នះក្រុមអតីតជើងឯក ៣សម័យកាល គឺកូរ៉េខាងជើង ២ ទល់នឹង​ ១ នាំឱ្យពួកគេដណ្តើមបានចំណាត់ថ្នាក់ក្នុងពូល B រួមជាមួយជប៉ុន ។ នៅវគ្គ៨ក្រុមចុងក្រោយ ថៃ នឹងត្រូវប៉ះជាមួយអ៊ីរ៉ាក់ ដែលជាក្រុមលេខ ១ ពូល A ។

ក្រឡែកទៅមើលក្រុមម្ចាស់ផ្ទះវិញ ឥណ្ឌូនេស៊ី បានដណ្តើមជ័យជម្នះ ២ប្រកួត និងចាញ់ ១ប្រកួត ទទួលបានចំណាត់ថ្នាក់លេខ ២ ផងដែរ ហើយត្រូវបន្តទៅជួបក្រុមខ្លាំងពូល B គឺ ជប៉ុន ដែលជាក្រុមការពារជើងឯកឆ្នាំ ២០១៦ នៅវគ្គខ្វែង ៨ក្រុមចុងក្រោយ។រីឯក្រុមអាស៊ានផ្សេងទៀត វៀតណាម បានធ្លាក់បាត់ទៅហើយ ក្រោយមិនឈ្នះសោះក្នុង ៣ប្រកួតរបស់ខ្លួន នៅសល់តែ ម៉ាឡេស៊ី ប៉ុណ្ណោះ ដែលរង់ចាំអ៊ុតលទ្ធផល ក្នុងថ្ងៃនេះជាមួយចិន ខណៈពិន្ទុកំពុងប្រជែងជាមួយ អ៊ូបេគីស្ថាន ។

សរុបរួមទៅ នេះគឺជាមោទនភាពមួយរបស់ប្រទេសក្នុងតំបន់អាស៊ាន ដែលមានក្រុមអាចប្រជែងនៅក្នុងពានលំដាប់ខ្ពស់ជាមួយប្រទេសខ្លាំងៗនៅតំបន់អាស៊ី ព្រោះថាកម្រិតនៃឈុតយុវជនរបស់ប្រទេសអាស៊ាន ដែលមិនមានវត្តមានក្នុងពានរង្វាន់មួយនេះ សឹងតែនៅមានកម្រិតទាប ដែលពុំទាន់អាចប្រកួតប្រជែងបានឡើយ ។

គួរឱ្យដឹងផងដែរថា ប្រសិនបើ ថៃ និង ឥណ្ឌូនេស៊ី អាចយកឈ្នះក្នុងវគ្គ៨ក្រុមចុងក្រោយនេះបាន មានន័យថាពួកគេ នឹងស្ថិតក្នុងកៅអីទាំង ៤ ដែលមានសិទ្ធិចូលរួមប្រកួតពានរង្វាន់ FIFA U-19 World Cup ឆ្នាំ ២០១៩ ខាងមុខ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT