គ្រូ Shakhtar ​គោរព​ទឹក​ចិត្ត​កីឡាករ ​ប្រឹង​លេង​ទាំង​គ្រួសារ​កំពុង​ស្ថិត​ក្នុង​សង្គ្រាម​

​លោក Igor Jovicevic ​គ្រូ​បង្វឹក​របស់​ក្រុម Shakhtar Donetsk ​បាន​បង្ហាញ​ការ​គោរព​ដល់​ទឹក​ចិត្ត​របស់​កូន​ក្រុម​ដែល​ផ្ដោត​លើ​ការ​ប្រកួត​ផង ​ហើយ​បារម្ភ​ពី​គ្រួសារ​ផង ដែល​ស្ថិត​នៅ​ប្រទេស​អ៊ុយក្រែន​កន្លែង​រុស្ស៊ី​កំពុង​វាយ​ប្រហារ។

​ក្រុម Shakhtar Donetsk ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Real Madrid ​នៅ​ទឹក​ដី​កណ្ដាល​ប្រទេស​ប៉ូឡូញ ដោយសារ​តែ​នៅ​អ៊ុយក្រែន​កំពុង​មាន​សង្គ្រាម​នៅ​ឡើយ។ ខណៈ​ដែល​រុស្ស៊ី ​កំពុង​វាយ​ប្រហារ​លើ​បណ្ដារ​ក្រុង​នានា​ក្នុង​ប្រទេស​ដែល​ធ្វើ​ឱ្យ​មាន​ជន​ស្លូតត្រង់​ស្លាប់​ជា​ច្រើន​នាក់ ​និង​របួស​រាប់រយ​នាក់ ដោយសារ​ការ​បាញ់​ស្រោច​ដោយ​មីស៊ីល។ កត្ដា​នេះ ​ក៏​មាន​ឥទ្ធិពល​ដល់​កីឡាករ​ក្រុម Shakhtar ​ផង​ដែរ ត្បិត​អី​សមាជិក​គ្រួសារ​របស់​ពួកគេ​រស់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ​មិន​បាន​ចាកចេញ​ទៅ​ណា​ទេ។

​បើ​តាម​លោក Igor Jovicevic ​បាន​និយាយ​ថា​៖ “ខ្ញុំ​កំពុង​រក​លំនឹង​ក្នុង​ក្រុម ​ជា​ពិសេស​ការ​លេង​ទល់​ក្រុម​ខ្លាំង​ដូច Real Madrid ​។ ​សមាជិក​ក្រុម​របស់​យើង​កំពុង​ពិបាក​ចិត្ត​ជាមួយ​ហេតុការណ៍​កើត​ឡើង​នៅ​អ៊ុយក្រែន។ គ្រួសារ​របស់​ពួកគេ​សុទ្ធ​តែ​ស្ថិត​នៅ​តំបន់​មាន​ជម្លោះ។ ​ពួកគេ​ត្រូវ​ទូរសព្ទ​សួរ​សុខទុក្ខ​គ្រួសារ​ជា​រៀង​រាល់​ថ្ងៃ។ ​នេះ​ជា​កត្ដា​ផ្លូវ​ចិត្ត​មួយ​ផង​ដែរ​សម្រាប់​កីឡាករ ​មុន​ការ​ប្រកួត​ធំ​មក​ដល់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT