Luis Diaz ​នឹង​អវត្ដមាន​១០​ប្រកួត​នៅ Liverpool ​ដោយសារ​របួស​ជង្គង់​

​ខ្សែ​ប្រយុទ្ធ​ស្លាប Luis Diaz ​នឹង​ត្រូវ​អវត្ដមាន​ចំនួន​១០​ប្រកួត​នៅ​ក្រុម​ហង្ស​ក្រហម Liverpool ​ដោយសារ​តែ​បញ្ហា​របួស​ជង្គង់​របស់​គេ​ដែល​កើត​ឡើង​អំឡុង​ប្រកួត​ទល់​ក្រុម Arsenal ​។

​ក្រុម Liverpool ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Arsenal ​ក្នុង​លទ្ធផល ​៣-២ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។ ​ក្រៅ​ពី​បរាជ័យ​នេះ​ហើយ ​ក្រុម​របស់​លោក Jurgen Klopp ​ក៏​មាន​បញ្ហា​កីឡាករ​របួស​កើត​ចេញ​ពី​ការ​ប្រកួត​នេះ​ផង​ដែរ។ ជាក់​ស្ដែង​ខ្សែ​បម្រើ​ប្រយុទ្ធ Diaz ​បាន​រង​របួស​ជង្គង់​ក្នុង​ការ​ប្រកួត ហើយ​ក្រោយ​ពី​ពិនិត្យ​ទៅ​រូបគេ​នឹង​ត្រូវ​សម្រាក​ព្យាបាល​ជា​ច្រើន​សប្ដាហ៍។ ​ដោយ​តាម​ការ​ព្យាករ​គេ​នឹង​អវត្ដមាន​រហូត​ដល់​១០​ប្រកួត​ឯ​ណោះ។

​ដោយ​ក្រៅ​ពី Diaz ​ទៅ ​ក្រុម Liverpool ​ក៏​មាន​កីឡាករ​ម្នាក់​ទៀត​របួស​ពេល​លេង​ទល់​ក្រុម Arsenal ​ផង​ដែរ​គឺ Trent Alexander-Arnold ។ ខ្សែ​ការពារ​រូប​នេះ​ឈឺ​ក​ជើង តែ​មិន​ធ្ងន់ធ្ងរ​ខ្លាំង​នោះ​ទេ ដោយ​អាច​សម្រាក​២​ទៅ​៣​សប្ដាហ៍​ប៉ុណ្ណោះ។ ​បញ្ហា​កីឡាករ​របួស​ផង ​និង​ទម្រង់​លេង​មិន​សូវ​ល្អ​ផង ​កំពុង​ធ្វើ​ឱ្យ Liverpool ដុនដាប​នៅ​ដើម​រដូវ​កាល​នេះ ​ដោយ​ស្ថិត​នៅ​ពាក់​កណ្ដាល​តារាង​ឯ​ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT