ផ្លូវការ AT Madrid ទិញ Griezmann ​មក​វិញ​ក្នុង​តម្លៃ​២០​លាន​អឺរ៉ូ

​បន្ទាប់​ពី​ខ្ចី​ជើង​មួយ​រយៈ​មក ពេល​នេះ​ក្លឹប Atletico Madrid ​បាន​សម្រេច​ទិញ​ផ្ដាច់​យក​ខ្សែ​ប្រយុទ្ធ Antonio Griezmann ​ពី​ក្រុម FC Barcelona ​ហើយ​ក្នុង​តម្លៃ​ខ្លួន​ត្រឹម​តែ​២០​លាន​អឺរ៉ូ​ប៉ុណ្ណោះ​កុងត្រា​ដល់​ឆ្នាំ​២០២៦។

​Griezmann ​ជា​កីឡាករ​ថ្លៃ​បំផុត​លំដាប់​ទី​៦​របស់​ក្រុម Barcelona ​ដែល​ទិញ​ចូល​នៅ​ឆ្នាំ​២០១៩​កន្លង​ទៅ​ពី​ក្រុម AT Madrid ​ក្នុង​តម្លៃ​ខ្លួន​ដល់​ទៅ​១២០​លាន​អឺរ៉ូ​ឯ​ណោះ។ តែ​ដោយសារ​លេង​មិន​បាន​ល្អ ​ទើប​ត្រូវ​ក្លឹប​ដាក់​ឱ្យ​ក្រុម​របស់​លោក Simeone ​ខ្ចី​ជើង​វិញ ​ហើយ​ក៏​ត្រូវ​ទិញ​យក​ដាច់​នៅ​ពេល​នេះ​ក្នុង​តម្លៃ​ខ្លួន​ត្រឹម​តែ​២០​លាន​អឺរ៉ូ​ប៉ុណ្ណោះ។ ដោយ​នេះ​ជា​រឿង​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។

រំលឹក​ថា​ដំបូង​ឡើយ​ក្នុង​កិច្ច​ចុះ​កុងត្រា​ខ្ចី​ជើង​របស់ AT Madrid ​នោះ​ថា​ពួកគេ​នឹង​ចំណាយ​៤០​លាន​អឺរ៉ូ​ទិញ​ដាច់ Griezmann ​ប្រសិន​បើ​គេ​អាច​លេង​បាន​ទៀងទាត់​ឬ​លើស​ពី​៥០​%​នៃ​ការ​ប្រកួត។ តែ​​ក្រុម AT Madrid ​មាន​ល្បិច​ដែរ ​ដោយ​កន្លង​មក​នេះ ពួកគេ​មិន​ដែល​ដាក់​កីឡាករ​បារាំង​ឱ្យ​លេង​ពេញ​៩០​នាទី​នោះ​ទេ ពោល​គឺ​ប្ដូរ​ចូល​នៅ​នាទី​៦០​ជាង​ទៅ​ហើយ។ ធ្វើ​ដូច្នេះ​ទើប​ពួកគេ​មិន​ចាំ​បាច់​ចំណាយ​ដល់​៤០​លាន​អឺរ៉ូ​ឡើយ ពោល​គឺ​ចាយ​ត្រឹម​២០​លាន​អឺរ៉ូ​ប៉ុណ្ណោះ ដើម្បី​ទិញ Griezmann ​ដាច់​មក​លេង​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT