Lionel Messi ត្រូវបានគេរាយការណ៍ថាអាចនឹងចូលលេងឱ្យក្លឹប Paris Saint-Germain ក្នុងការប្រកួតនាពេលខាងមុខរបស់ពួកគេជាមួយនឹងក្រុម Benfica។
ក្រុមយក្សបារាំងមួយនេះនឹងប្រកួតជាមួយក្រុមព័រទុយហ្គាល់ក្របខណ្ធ UEFA Champions League នៅថ្ងៃអង្គារ ទី១១ ខែតុលា នៅកីឡដ្ឋាន Parc des Princes។ ការព្រួយបារម្ភដ៏ធំមួយសម្រាប់ក្រុមបារាំងក្នុងការប្រកួតមួយនេះ គឺកាយសម្បទារបស់ Messi។
កំពូលតារាអាហ្សង់ទីនបានចាកចេញពីការប្រកួតរបស់ពួកគេជាមួយ Benfica កាលពីសប្តាហ៍មុននៅនាទីទី៨១។ របាយការណ៍ក្រោយមកបានបញ្ជាក់ថាគាត់បានរងរបួសកំភួនជើងដែលធ្វើឱ្យគាត់ខកខានការប្រកួត Ligue 1 របស់ពួកគេជាមួយ Stade Reims នៅថ្ងៃសៅរ៍មុន។
ទោះជាយ៉ាងណាក៏ដោយ Le Parisien បានរាយការណ៍ថា Lionel Messi នឹងជាផ្នែកមួយនៃការហ្វឹកហាត់របស់ក្លឹបនៅមុនថ្ងៃប្រកួតជាមួយ Benfica។ របាយការណ៍បានបន្ថែមថា ឱកាសរបស់ខ្សែប្រយុទ្ធជើងចាស់ដែលចូលរួមក្នុងការប្រកួតនេះគឺច្រើន ប៉ុន្តែគេនៅតែត្រូវចាំមើលថាតើគាត់នឹងចាប់ផ្តើមដំបូង ឬនៅកៅអីបម្រុងសិន។
Messi បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុមបារាំងក្នុងរដូវកាលនេះ បន្ទាប់ពីធ្វើមិនសូវបានល្អនៅរដូវកាលទីមួយ ដោយគាត់ស៊ុតបញ្ចូលទីបានត្រឹមតែ ១១ គ្រាប់ប៉ុណ្ណោះក្នុង ៣៥ ប្រកួត។ ខណៈដែលរដូវកាលនេះ ១៣ ប្រកួត គាត់រកគ្រាប់បាល់បានចំនួន ៨ ដងរួចមកហើយ និងបញ្ជូនបាល់បាន ៨ លើក៕
ប្រភព៖ Le Parisien