Josh Cavallo៖ វាជារឿងលំបាកសម្រាប់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាដែលឃើញវីរបុរសបាល់ទាត់របស់ខ្លួន យករឿងបែបនេះមកកលេងសើចជាសាធារណៈ

អតីតអ្នកចាំទីរបស់ក្រុម Real Madrid និង FC Porto កីឡាករ Casillas បាននិយាយថា គាត់ត្រូវបានគេ “លួចចូលគណនី” កាលពីរសៀលថ្ងៃអាទិត្យ បន្ទាប់ពី Tweet មួយត្រូវបានបង្ហោះចេញពីគណនីរបស់គាត់ដែលសរសេរថា “ខ្ញុំសង្ឃឹមថាអ្នកគោរពខ្ញុំ ខ្ញុំជាភេទទីបី”។

មួយម៉ោងក្រោយមក Tweet នោះត្រូវបានលុបចេញពីគណនី Casillas។ អតីតកីឡាករជម្រើសជាតិអេស្ប៉ាញវ័យ ៣៩ ឆ្នាំរូបនេះបានសុំទោសសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាភ្លាមៗដោយនិយាយថា “គណនីត្រូវបានលួច។ សំណាងហើយគ្រប់យ៉ាងមានរបៀបរៀបរយជាធម្មតា។ សូមអភ័យទោសចំពោះអ្នកគាំទ្ររបស់ខ្ញុំទាំងអស់ ហើយជាការពិតណាស់ សុំទោសចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា”។

ជាការឆ្លើយតបទៅនឹងការបង្ហោះដំបូង ‘ខ្ញុំជាភេទទីបី’ អតីតមិត្តរួមក្រុមរបស់ Casillas របស់អេស្ប៉ាញ Carles Puyol បានឆ្លើយតបថា “ដល់ពេលត្រូវប្រាប់រឿងរបស់យើងហើយ Iker” Puyol ក៏បានលុបការឆ្លើយតបរបស់គាត់នោះចេញផងដែរ។

អ្នក​ទាំង​ពីរ​ទទួល​បាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​បង្ហោះ​តាម​បណ្តាញ​សង្គម។

Josh Cavallo ដែលបានក្លាយជាកីឡាករបាល់ទាត់អាជីពស្រលាញ់ភេទដូចគ្នាដំបូងគេក្នុងខែតុលាឆ្នាំមុន បានបង្ហាញពីការខកចិត្ត និងខ្វះការគោរព។

គាត់បានសរសេរថា “@IkerCasillas និង @Carles5puyol និយាយលេងសើចដែលចាកឆ្ងាយចេញពីបាល់ទាត់ និងបង្កការខកចិត្តដល់គេគ្រប់គ្នាហើយ”។

“វាជារឿងលំបាកមួយសម្រាប់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាមកឃើញរឿងនេះ ជាពិសេសនៅពេលដែលឃើញវីរបុរសបាល់ទាត់របស់ពួកយើង យកវាមកលេងសើចជាសាធារណៈ ដោយខ្វះការគោរពបែបនេះ”។

ប៉ុន្មានម៉ោងបន្ទាប់ពីការបង្ហោះទាំងពីរត្រូវបានលុប ហើយ Puyol បានសុំទោសចំពោះទង្វើរបស់គាត់។

គាត់បានសរសេរនៅលើ Twitter ថា “ខ្ញុំបានធ្វើខុស។ “សូមអភ័យទោសចំពោះរឿងលេងសើចដោយគ្មានចេតនាអាក្រក់ទាំងនោះ។ ខ្ញុំដឹងថាវាអាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នក។ ការគោរព និងការគាំទ្ររបស់ខ្ញុំចំពោះសហគមស្រឡាញ់ភេទដូចគ្នា”៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT