Man Utd ជា​ស្ដេច​ក្លឹប Comeback នៅ Premier League ខណៈ Ronaldo សាង​កំណត់ត្រា​ថ្មី​សន្លាង

Manchester United បា​បញ្ចប់​ការ​យក​ឈ្នះ ទៅ​លើ Everton កាល​ពី​យប់មិញ ជាមួយ​លទ្ធផល ២-១ ដែល​នាំ​ឲ្យ​លំដាប់​ពិន្ទុ​របស់​ពួក​គេ ឡើង​កាន់​តែ​ប្រកិត​នឹង Chelsea ពោល​ខុស​គ្នា ១ ពិន្ទុ​ប៉ុណ្ណោះ។ យើង​ចាប់​អារម្មណ៍ ថា​ក្រុម​ដឹកនាំ​ដោយ​លោក Erik ten Hag ហាក់​ធ្វើ​បាន​ល្អ​គួរ​សម នៅ ២ ប្រកួត​ចុង​ក្រោយ ហើយ​ចៃដន្យ​បំផុត គឺ​សុទ្ធ​ជា​គ្រាប់​បាល់​វាយ​បក​ ជៀស​ផុត​ការ​បរាជ័យ។

CTS SPORT បង្ហាញ​ត្រួសៗ​អំពី​លទ្ធផល​កើត​ឡើង​នៅ Europa League និង Premier League របស់ Man Utd នៅ ៥ ​ថ្ងៃ​កន្លង​មក​នេះ ក៏​ដូច​ជា​ស្ថិតិ​និង​កំណត់ត្រា​មួយ​ចំនួន​ដែល​អ្នក​គួរ​ដឹង៖

១) លទ្ធផល Comeback ទាំង​ពីរ​ប្រកួត

កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ United បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រាង​ព្រួយ​ចិត្ត​បន្តិច​ដែរ ក្រោយ​ចប់​តង់​ទី​មួយ ដោយ​ពេល​នោះ​ក្លឹប​ម្ចាស់ដី Omonia បាន​នាំ​មុខ​មុន ១-០ ហើយ​គ្រប់​យ៉ាង​បាន​ប្រែ​ជា​ល្អ បន្ទាប់​អ្នកចាត់ការ​សញ្ជាតិ​ហូឡង់ ប្តូរ​ការពារ​ស្លាប​ឆ្វេង ពី Tyrell Malacia មក​ដាក់ Luke Shaw និង​ស្លាប​ប្រយុទ្ធ​សង​ខាង ពី Sancho/Antony មក​ដាក់ Martial និង Rashford។

គ្រាប់​បាល់​បាន​កើត​ឡើង​ដល់​ទៅ ៣ គ្រាប់​សម្រាប់ United នៅ​តង់​ទី ២ ហើយ​បើ​ទោះ​បី​ខាង Omonia អាច​បន្ថែម​មួយ​គ្រាប់​នៅ​នាទី ៨៥ ក៏​មិន​ជា​បញ្ហា​អ្វី​ដែរ ជា​រួម​ក្លឹប​អង់គ្លេស​នៅ​តែ​អាច​រក្សា​លទ្ធផល​យក​ឈ្នះ ទទួល​បាន ៣ ពិន្ទុ​ពេញ។ គិត​ត្រឹម​ជុំ​ទី ៣ នៅ Europa League ពួក​គេ​ឈរ​លេខ ២ នៅ​ក្រោម Real Sociedad ហើយ​ប្រកួត​បន្ទាប់​ត្រូវ​វិល​មក​ប៉ះ Omonia ជា​ថ្មី តែ​សារ​នេះ​លេង​ក្នុង​ទឹកដី Old Trafford។

ងាក​ទៅ​ក្របខ័ណ្ឌ Premier League ជុំ​ទី ៨ របស់ United កាល​ពី​យប់មិញ ក៏​បាន​វាយបក​គ្រាប់​បាល់ តាម​យក​ឈ្នះ Everton វិញ​ដែរ ដោយ​ខាង​ក្លឹប​ម្ចាស់ដី Goodison Park នាំ​មុខ​គ្រាប់​បាល់​មុខ​នៅ​នាទី​ទី ៥ ដោយ​កីឡាករ Alex Iwobi តែ​យ៉ាង​ណា​គ្រាប់​បាល់​ខាង United ក៏​កើត​ឡើង​ជា​បន្តបន្ទាប់ មុន​បញ្ចប់​តង់​ទី ១ នោះ​គឺ​នាទី​ទី ១៥ ដោយ Antony និង​នាទី ៤៤ ដោយ Cristiano Ronaldo។

ប្រកួត​បន្ទាប់​ជុំ​ទី ៩ United ក៏​នឹង​ត្រូវ​បើក​កីឡដ្ឋាន ស្វាគមន៍​ក្លឹប Newcastle ដែល​នេះ​ក៏​រាប់​ជា​ជំនួប​ញាក់សាច់​មួយ​ដែរ ស្រប​ពេល​ក្រុម​ដឹកនាំ​ដោយ​លោក Eddie Howe កំពុង​ឈរ​លេខ ៦ ចាញ់​ក្រុម​លោក Erik ten Hag តែ​ ១ ពិន្ទុ​គត់។ យើង​នឹង​រង់ចាំ​អ៊ុត​មើល​លទ្ធផល ជាមួយ​ការ​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS SPORT នា​វេលា​ម៉ោង ០៨:០០ នាទី​យប់ ​ថ្ងៃ​អាទិត្យ ទី ១៦ ​តុលា។

២) ស្ថិតិ​និង​កំណត់ត្រា​សំខាន់ៗ

រឿង​ដំបូង​ដែល​គ្នា​យើង​ក៏​បាន​ដឹង​ហើយ​នោះ គឺ​កំណត់ត្រា​គ្រាប់​បាល់​នៅ​ក្លឹប​ទី ៧០០ របស់ Cristiano Ronaldo ពោលមិនធ្លាប់មានកីឡាករណាសម្រេចបានពីមុនមកឡើយ។ នេះ​ឆ្លង​កាត់​ការ​ឈរ​ជើង​លើ​ទីលាន អស់​រយៈកាល ២០ ឆ្នាំ និង ២ ​ថ្ងៃ សម្រាប់​បុរស​សញ្ជាតិ​ព័រទុយហ្គាល់ ដោយ​មាន ៥ គ្រាប់​នៅ​ក្លឹប Sporting CP, ១០១ គ្រាប់​នៅ​ក្លឹប Juventus, ១៤៤ គ្រាប់​នៅ​ក្លឹប Man Utd និង ៤៥០ ​គ្រាប់​នៅ​ក្លឹប Real Madrid។

ងាក​ទៅ Antony គេ​ក៏​បាន​ក្លាយ​ជា​កីឡាករ Man Utd ដំបូង​ដែល​អាច​រក​បាន​គ្រាប់​បាល់ នៅ ៣ ប្រកួត​ដំបូង​ជាប់​ក្នុង​ក្របខ័ណ្ឌ Premier League។ នេះ​ស្ថិតិ​រដូវ​កាល​ថ្មី ៣ គ្រាប់​របស់​កីឡាករ​ប្រេស៊ីល ក៏​បាន​នាំ​មុខ​លើ​គ្រាប់​បាល់​របស់​កីឡាករ​អេហ្សីប Mohamed Salah ទើប​តែ​មាន ២ គ្រាប់​ប៉ុណ្ណោះ។

ស្ថិតិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចុង​ក្រោយ គឺ Man Utd បាន​ក្លាយ​ជា​ក្លឹប​ដំបូង ដែល​អាច​ឈ្នះ ១០០ ប្រកួត​នៅ Premier League ក្រោយ​ការ​របូត​មួយ​គ្រាប់​មុន ពី​ការ​ស៊ុត​របស់​ក្លឹប​គូ​ប្រជែង ពោល​នៅ​ពី​លើ​ក្លឹប Spurs ឈ្នះ ៩៦ លើក, Liverpool ឈ្នះ ៨៥ លើក និង Chelsea ឈ្នះ ៨៤ លើក​ជា​ដើម៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT