Arsenal ​យក​ឈ្នះ Liverpool ​៣-២ ​បន្ដ​ឈរ​កំពូល​តារាង Premier League ​

​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​យក​ឈ្នះ​លើ​ក្រុម Liverpool ​ក្នុង​លទ្ធផល ៣-២ ​ក្នុង​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ ​ដើម្បី​បន្ដ​ឈរ​កំពូល​តារាង។

​គ្រាន់​តែ​កែ​បាល់​ភ្លាម Martinelli ​រក​បាន​១​គ្រាប់​ឱ្យ​ក្រុម Arsenal ​ទៅ​ហើយ ប៉ុន្ដែ​ក៏​ត្រូវ​ក្រុម Liverpool ​តាម​ស្មើ​វិញ​បាន​ផង​ដែរ ​ដោយ Nunez ​នៅ​នាទី​៣៤។ ​មុន​ចប់​តង់​ទី​១ ​នាទី​៤៥+៥ ​ខ្សែ​ប្រយុទ្ធ Saka ​ក៏​រក​បាន​១​គ្រាប់​បន្ថែម​ទៀត ជួយ Arsenal ​នាំ​មុខ ២-១ ​ទៀត។ ​ឈាន​ដល់​តង់​ទី​២ ​នាទី​៥៣ Roberto Firmino ​ក៏​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​ឱ្យ​ក្រុម​លោក Klopp ​ដែរ ប៉ុន្តែ​វា​មិន​បញ្ចប់​ត្រឹម​នេះ​ឡើយ ពោល​គឺ​នាទី​៧៦ Saka ​ដដែល​ទទួល​បាន​ប៉េណាល់ទី​១​គ្រាប់​ទៀត ​ឱ្យ Arsenal ​ឈ្នះ​ក្នុង​លទ្ធផល ​៣-២។

​ការ​បន្ថែម​៣​ពិន្ទុ​ពី​ការ​ប្រកួត​ដ៏​សំខាន់​នេះ ​បាន​ជួយ​ឱ្យ​ក្រុម​កាំភ្លើង​ធំ​ហក់​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​វិញ ​មាន​២៤​ពិន្ទុ លើស​ក្រុម​លេខ​២ Man City ​ដែល​ទើប​មាន​២៣​ពិន្ទុ។ ​ងាក​ទៅ​មើល​ក្រុម Liverpool ​វិញ ​ពួកគេ​ទើប​មាន​១០​ពិន្ទុ​ប៉ុណ្ណោះ ឈរ​នៅ​លេខ​រៀង​ទី​១០​ដែរ​ក្នុង​តារាង Premier Leageue ​ដែល​នេះ​អាច​និយាយ​បាន​ថា​ឱកាស​ប្រជែង​​ពាន​កាន់​តែ​ឆ្ងាយ​ទៅ​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT