អ្នកចាំទី Copenhagen ដក​ដង្ហើម​មិន​ចង់​ដល់​គ្នា ក្រោយ City បត់​តារាង​លេង ស៊ុត ៣០ លើក​យប់មិញ

មិន​ខុស​ពី​រដូវ​កាល​មុនៗ Manchester City នៅ​តែ​បន្ត​សម្ញែង​ភាព​ខ្លាំង​របស់​ខ្លួន នៅ​វគ្គ​ចែក​ពូល Champions League ដូច​កាល​ពី​យប់​មិញ លុត​ក្រុម​មក​ពី​ដាណឺម៉ាក​យ៉ាង​ស្ពឹក​មុខ ក្រោម​លទ្ធផល ៥-០។ គេ​ចាប់​អារម្មណ៍​ស្ថិតិ​របស់​ម្ចាស់ដី Etihad ធ្វើ​បាន​ល្អ​ហួស តាំង​ពី​ចាប់ផ្តើម ដល់​បញ្ចប់​ការ​ប្រកួត ហើយ​អ្នក​ហត់​បំផុត គឺ​ជា​អ្នកចាំទី Kamil Grabara របស់​ក្លឹប Copenhagen។

លេង​ពេញ ៩០ នាទី City ដូច​បត់​តារាង​លេង ដោយ​គ្រប់គ្រង​បាល់ ៧៦ ភាគរយ តាម​រយៈ​ការ​បញ្ជូន​ចុះ​ឡើង ៨៥១ ប៉ះ ហើយ​ស៊ុត ៣០ លើក ចំ​គោលដៅ ១៦ លើក ធៀប​នឹង​ក្រុម​ភ្ញៀវ មាន​ឱកាស​គ្រប់គ្រង​បាល់​ត្រឹម ២៤ ភាគរយ ស៊ុត​បាន ២ លើក ឥត​ចំ​គោលដៅ​សោះ។ ៥ គ្រាប់​របស់​ក្រុម​លោក Pep Guardiola កើត​ចេញ​ដោយ​ថ្វី​ជើង​បើក​ឆាក​ Erling Haaland នៅ​នាទី ៧ និង ៣២ មុន​ការ​កើត​បាល់ Own Goal នៅ​នាទី ៣៩ ជា​ការ​ស៊ុត​ក្រៅ​ប្រអប់​របស់​ខ្សែ​ការពារ​ស្លាប Sergio Gomez ទៅ​ឡង​ប៉ះ​ជើង​កីឡាករ​គូ​ប្រជែង។

គ្រាប់​បាល់​ទី ៤ ធ្វើ​បាន​ដោយ Riyad Mahrez ជា​អ្នក​បញ្ចប់​ទី​បាល់​ ១១ ម៉ែត្រ ក្រោយ Haaland ត្រូវ​បាន​គ្រូ​រក្សា​កម្លាំង អនុញ្ញាត​ឲ្យ​លេង​តែ​មួយ​តង់ ហើយ​គ្រាប់​បាល់​ទី ៥ ធ្វើ​បាន​ដោយ Julian Alvarez នៅ​នាទី ៧៦។ កីឡាករ​ល្អ​បំផុត​នៅ​ប្រកួត​នោះ គឺ Grealish ខណៈ​ខាង​ Copenhagen គឺ​ជា​អ្នកចាំទី Grabara នោះ​ឯង ក្រោយ​សង្រ្គោះ​បាល់​ជា​ច្រើន​លើក​ច្រើន​សារ​ដល់​ទៅ ១២ លើក កុំ​អី​ហ្នឹង ក្រុម​ត្រូវ​របូត​ដល់ ១០ គ្រាប់​ក៏​ថា​បាន។

អ្នកចាំទី​សញ្ជាតិ​ប៉ូឡូញ ​ដក​ដង្ហើម​មិន​ចង់​ដល់​គ្នា ព្រោះ​ខាង​ City វាយ​សម្រុក​ឥត​ល្ហែរ ស៊ុត​គ្រប់​ច្រក​អស់​ហើយ ទាំង​បាល់​មុខ​ទី បាល់​ក្រៅ​ប្រអប់ និង​សូម្បី​តែ​ការ​តែត តាម​រយៈ​បាល់​ក្រុស​ចូល។ យ៉ាង​ណា​កីឡាករ​វ័យ ២៣ ឆ្នាំ បាន​លាន់មាត់​សរសើរ​ដល់​ខ្សែ​ប្រយុទ្ធ​អាយុ​ស្រករ​ខ្លួន គឺ Halaand ថា​គេ​មិនមែន​ជា​មនុស្ស​ឡើយ។

តាម​ការ​ឲ្យ​ដឹង​ពី Jack Grealish ជា​មិត្ត​រួម​ទីលាន​នៅ​ប្រកួត​យប់មិញ បាន​និយាយ​ថា៖ “ស្មោះត្រង់​ទៅ វា​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់ ខ្ញុំ​អត់​ធ្លាប់​ឃើញ​កីឡាករ​ណា​ដូច​ជា Haaland ពី​មុន​មក​ទេ ទាំង​គ្រាប់​បាល់​ទី​មួយ​និង​ទី​ពីរ ខ្ញុំ​ត្រឹម​ឈរ​អស់​សំណើច ហួស​ចិត្ត​នឹង​គេ​តែងតែ​មាន​វត្តមាន​នៅ​ទីតាំង​នោះ​ជានិច្ច”។

https://youtu.be/cHznkPeQPW4

កីឡាករ​អង់គ្លេស​បន្ត​ទៀត​ថា៖ “សូម្បី​អ្នកចាំទី [Kamil Grabara] ក៏​លាន់​មាត់​ប្រាប់​មក​ខ្ញុំ ថា Haaland មិន​មែន​ជា​មនុស្ស​ទេ ខ្ញុំ​ក៏​ឆ្លើយ​ទាំង​យល់ស្រប ហើយ​សង្ឃឹម​ថា​កីឡាករ​រូប​នេះ នឹង​អាច​បន្ត​ទម្រង់​លេង​ដ៏​ល្អ រហូត​អាច​ជួយ​យើង​ឆ្ពោះ​ទៅ​ការ​លើក​ពាន​រង្វាន់”។

គួរ​បញ្ជាក់​ដែរ​ថា ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ន័រវេស រក​បាន Hat-trick ដល់ ៣ លើក​ហើយ ជាមួយ​ស្ថិតិ​ជា​រួម មាន ១៩ គ្រាប់​និង​ Assist ៣ នៅ ១២ ប្រកួត​ឲ្យ​ក្រុម​លោក Pep Guardiola។ រាប់​ពី​បើក​រដូវ​កាល​ថ្មី គេ​រក​បាន​គ្រាប់​បាល់​គ្រប់​ការ​ប្រកួត​ទាំង​អស់​ឲ្យ City លើក​លែង​តែ​ការ​ប៉ះ Bournemouth តែ​ថ្ងៃ​នោះ ក៏​គេ​បាន Assist មួយ​ដែរ ទោះ​មិន​ស៊ុត​បញ្ចូល​ទី៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT