Ten Hag ​ដឹង​ថា Ronaldo ​កំពុង​មិន​សប្បាយ​ចិត្ត​នៅ​ពេល​អង្គុយ​បម្រុង​

​លោក Erik ten Hag ​ទទួល​ស្គាល់​ថា​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​រួច​ទៅ​ហើយ​នៅ​ពេល​ដែល​គេ​មិន​បាន​ចូល​លេង​នៅ​លើ​ទីលាន​។

​Ronaldo ​វ័យ​៣៧​ឆ្នាំ​បាន​ជាប់​ជម្រើស​ដំបូង​ក្នុង​លីគ​តែ​ម្ដង​គត់ ​ហើយ​ចុង​ក្រោយ​នេះ​លេង​ទល់​ក្រុម Manchester City ​គេ​មិន​បាន​ចូល​លេង​ថែម​ទៀត។ ​ខណៈ​ដែល​ពាន​រង្វាន់ UEFA Europa League ​វិញ​២​ប្រកួត​កន្លង​មក​បាន​លេង​ទាំង​ពីរ​ប្រកួត។ ​ការ​មិន​សូវ​ដាក់​ឱ្យ​លេង​នេះ​ដែរ ​មិន​មែន​មក​ពី​បញ្ហា​របួស​អ្វី​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​សម្រេច​ចិត្ត​របស់ Ten Hag ​ផ្ទាល់​តែ​ម្ដង។ ​

​អ្នក​ចាត់ការ Ten Hag ​បាន​និយាយ​កាល​ពី​ម្សិលមិញ​នេះ​ថា​៖ “គាត់​មិន​សប្បាយ​ចិត្ត គ្រប់​គ្នា​បាន​ដឹង​ហើយ។ គាត់​ជា​កីឡាករ​ចង់​ឈ្នះ ​ចង់​លេង ​ហើយ​ការ​មិន​បាន​លេង​ទៀងទាត់​គឺ​ពិត​ជា​ធ្វើ​ឱ្យ​គាត់​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ​តែ​ដូច​ខ្ញុំ​បាន​និយាយ​ហើយ គាត់​នៅ​តែ​ហ្វឹកហាត់​បាន​ល្អ ​និង​ផ្ដោត​អារម្មណ៍​ដើម្បី​ត្រៀម​ខ្លួន​ជា​និច្ច។ នេះ​ជា​អ្វី​ដែល​គាត់​តែងតែ​ផ្ដល់ ​និង​ជា​កីឡាករ​អាជីព​ម្នាក់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT