Messi មិនទាន់បានយល់ព្រមចូលរួម Barcelona នៅរដូវក្តៅក្រោយទេ បើទោះមានរបាយការណ៍អះអាងថាគាត់នឹងចាកចេញពី PSG

Lionel Messi មិនបានយល់ព្រមចូលរួមជាមួយ Barcelona វិញនៅរដូវក្តៅក្រោយ នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅ Paris Saint-Germain នោះទេ នេះបើយោងតាមអ្នកជំនាញផ្នែកផ្ទេរកីឡាករ Fabrizio Romano។

របាយការណ៍ដែលមានប្រភពមកពីប្រទេសអាហ្សង់ទីនកាលពីថ្ងៃអង្គារបានអះអាងថា Messi នឹងចូលរួមជាមួយក្លឹប Catalan នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ នៅពេលដែលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ជាមួយ PSG ឈានដល់ទីបញ្ចប់។

ប៉ុន្តែ Romano ទទូចថារបាយការណ៍ទាំងនេះមិនពិតទេ ហើយថា Barcelona មិនទាន់បានទាក់ទង Messi ជាផ្លូវការសម្រាប់ការវិលត្រឡប់ទៅកាន់ Camp Nou វិញទេ។

Romano បាននិយាយនៅក្នុងវីដេអូមួយនៅលើ Twitter ថា “យើងបានលឺពាក្យចចាមអារ៉ាមជាច្រើនអំពី Messi ត្រលប់ទៅ Barcelona នៅរដូវក្តៅឆ្នាំ២០២៣។ អ្វីដែលខ្ញុំអាចប្រាប់អ្នកបាននោះគឺថា Leo Messi នៅតែមិនមានការយល់ព្រមជាមួយក្លឹបណាមួយឡើយ”។

“អ្វីដែលជាការពិតគឺថា Barcelona កំពុងសុបិនអំពីការត្រឡប់មកវិញរបស់ Messi ពួកគេកំពុងពិភាក្សាគ្នានៅខាងក្នុង ប៉ុន្តែនៅតែមិនមានការដាក់សំណើរជាផ្លូវការណាមួយទៅកាន់ Leo Messi នោះទេ”។

“ដូចគ្នានេះដែរ នៅតែមិនមានអ្វីយល់ព្រមជាមួយ Paris Saint-Germain នោះទេ។ PSG កំពុងស្រឡាញ់ទម្រង់លេងរបស់ Leo Messi ជាពិសេសនៅក្នុងរដូវកាលទីពីរនេះ ហើយពួកគេចង់បន្តកុងត្រារបស់គាត់”។

“ប៉ុន្តែហេតុអ្វីបានជាគាត់មិនទាន់ព្រមព្រៀងជាមួយក្លឹបណាមួយ? ដោយសារតែ Messi ចង់ផ្តោតលើ World Cup ជាមួយអាហ្សង់ទីន។ គាត់ចង់ផ្តោតលើរដូវកាលនេះជាមួយ Paris Saint-Germain។ គាត់ចង់ឈ្នះ Champions League ជាមួយ PSG ហើយបន្ទាប់មកទើបគាត់សម្រេចចិត្តនៅឆ្នាំ២០២៣ នូវអ្វីដែលគាត់ចង់ធ្វើបន្តទៀត”។

ដូច្នេះហើយ Barcelona នៅតែកំពុងតែស្រមៃចង់បាន Messi ហើយ PSG នៅតែចង់រក្សាគាត់ ប៉ុន្តែនៅពេលនេះ នៅតែមិនទាន់មានការសម្រេចណាមួយដោយ Leo Messi នៅឡើយដដែលទេ៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT