ក្តៅ! Messi នឹង​ពាក់​ឈុត Barcelona ជា​ថ្មី ​ចាប់​ពី​ថ្ងៃ​ទី ១ ​កក្កដា ឆ្នាំ ២០២៣

Lionel Messi កំពុង​នឹង​រីករាយ​ជាមួយ​ការ​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ នៅ​រដូវ​កាល​ទី​ពីរ​ឲ្យ​ក្លឹប​សេដ្ឋី​បារាំង Paris Saint-Germain តែ​យ៉ាង​ណា ចចាមអារ៉ាម​ពាក់ព័ន្ធ​ការ​ចាកចេញ ក៏​កំពុង​រង្គើ​ជា​បណ្តើរៗ​។ ជា​ពិសេស​នៅ​ក្រោយ​ពេល​ដែល​អ្នក​កាសែត​ល្បី​ឈ្មោះ​របស់​អាហ្សង់ទីន អ្នក​ស្រី Veronica Brunati បាន​បង្ហោះ​សារ​ខ្លី តែ​បង្កប់​អត្ថន័យ​ច្បាស់ អំពី​ការ​ត្រៀម​វិល​មកទ្រនំ​ចាស់ Barcelona។

គណនី​ផ្លូវការ Brunati ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​អ្នក​សារព័ត៌មាន និង​ជា​អ្នក​ផលិត​មាតិកា​កីឡា​នៃ​កម្មវិធី La Primera Jugada ហើយ​ក៏​ទទួល​ស្គាល់​ជា​អ្នក​ដឹង​រឿងរ៉ាវ​ច្រើន​អំពី​ជម្រើស​ជាតិ​អាហ្សង់ទីន បាន​សរសេរ Caption ជា​ភាសា​អេស្ប៉ាញ​កាល​ពី​ថ្ងៃ​ម្សិលមិញ​បែប​នេះ​ថា៖ “០១ តុលា ២០២៣ Lionel Messi នឹង​ក្លាយ​ជា​កីឡាករ​របស់​ក្លឹប​ Barcelona”។

អត្ថន័យ​នេះ ចង់​បញ្ជាក់​ថា ក្រោយ​ការ​ផុត​កុងត្រា​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ឬ​បញ្ចប់​រដូវ​កាល​ខាង​មុខ នោះ​តារា​ឆ្នើម​វ័យ ៣៥ ឆ្នាំ នឹង​វិល​ត្រលប់​មក​កាន់​ទ្រនំ​កាន់​ឆ្នាំ​របស់​ខ្លួន​ជា​ថ្មី នៅ​លក្ខខណ្ឌ​ផ្ទេរ​ឥត​តម្លៃ​ខ្លួន បន្ទាប់​ការ​ចាកចេញ​កាល​ពី​ខែ​សីហា ឆ្នាំ ២០២១ កំឡុង​ពេល​ក្លឹប​អេស្ប៉ាញ ជួប​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ។

យ៉ាង​ណា​វា​គ្រាន់​ជា​ការ​លើក​ឡើង​របស់​ប្រភព​បុគ្គល​ល្បី​មួយ​ប៉ុណ្ណោះ តែ​ក៏​មិន​ទាន់​ទទួល​យក​ជា​ការ ១០០ ភាគរយ​នោះ​ដែរ ដ្បិត​អី​មតិ​លើ​បណ្តាញ​សង្គម​ខ្លះ ក៏​យល់​ឃើញ​ថា វា​ដូច​ជា​លឿន​ពេក​បើ​ Messi សម្រេច​ចិត្ត​ត្រឹម​ពេលវេលា​នេះ ហើយ​បើ​ងាក​ទៅ​អ្នក​រាយការណ៍​ដែល​អ្នក​គាំទ្រ​នៅ​កម្ពុជា​ក៏​ស្គាល់​ច្បាស់ គឺ​លោក Fabrizio Romano បាន​ចុះ​ផ្សាយ​ក្នុង​អត្ថន័យ​ផ្សេង​ពី​អ្នក​ស្រី Brunati ដោយ​ថា ម្ចាស់​អាវ​លេខ ៣០ នៃ​ក្លឹប PSG នឹង​មិន​ទាន់​សម្រេច​ចិត្ត​អ្វី​ទាំង​អស់ នៅ​ឆ្នាំ ២០២២ នេះ ពោល​នឹង​រង់ចាំ​ដល់​ឆ្នាំ​ក្រោយ ២០២៣។

អត្ថន័យ​ចុះ​ផ្សាយ​របស់​អ្នក​កាសែត​សញ្ជាតិ​អ៊ីតាលី​បាន​ឲ្យ​ដឹង​ថា៖ “ប្រភព​ជិតស្និទ្ធ​នឹង Messi បាន​បង្ហើប​មក​ថា កីឡាករ​នឹង​សម្រេច​ចិត្ត​អំពី​អនាគត​របស់​គេ នៅ​ឆ្នាំ​ក្រោយ ២០២៣ ពោល​មិន​មែន​ពេលវេលា​នេះ​ទេ ដោយ Barcelona ជា​ការ​ពិត​បាន​ពិភាក្សា​មិន​បើក​ចំហ​អំពី​ការ​ចង់​បាន Messi ត្រលប់​មក​វិញ ខណៈ PSG ព្យាយាម​ចង់​ថ្ពក់​ចិត្ត​ឲ្យ​កីឡាករ​បន្ត​កុងត្រា​ថ្មី”។

ចុងក្រោយ​ងាក​ទៅ​ការ​លើក​ឡើង​របស់​ភាគី​ក្លឹប​អេស្ប៉ាញ​ឯ​ណោះ​វិញ ថ្លែង​ពី​អនុ​ប្រធាន​លោក Eduard Romeu និយាយ​កាល​ពី​សប្ដាហ៍​មុន​ថា៖ “វា​ប្រាកដ​អាច​ទៅ​រួច ព្រោះ Messi ត្រលប់​មក​វិញ ក្នុង​លក្ខខណ្ឌ​ផ្ទេរ​ឥត​តម្លៃ​ខ្លួន តែ​ការ​សម្រេច​ចិត្ត​មិន​ផ្អែក​តែ​លើ​ខ្ញុំ​ទាំង​ស្រុង​ទេ វា​ក៏​ឆ្លង​កាត់​ជំនួយ​ការ​គ្រូ និង​កីឡាករ​​ផង​ដែរ គ្រាន់​ថា​ពិត​ណាស់ រឿង​នេះ​វា​ពិត​ជា​អាច​ទៅ​រួច”។

ដូច្នេះ​ក្អោប​ព័ត៌មាន​ទាំង​អស់​បញ្ចូល​គ្នា CTS SPORT អាច​ឲ្យ​ចម្លើយ​ទៅ​កាន់​ប្រិយមិត្ត​យ៉ាង​ខ្លី​បាន​ថា ៩០ ភាគរយ​រឿង​នេះ​ប្រាកដ​ជា​អាច​កើត​ឡើង​ទៅ​បាន។

ស្ថានភាព​ខាង ​Barcelona ពិត​ជា​ចង់​បាន Messi តែ​ការ​សម្រេច​បែប​ណា​ចេញ​ពី​មាត់​សាមី​ខ្លួន ក៏​យើង​មិន​ទាន់​អាច​ដឹង​នៅ​ឡើយ គ្រាន់​ថា​ព័ត៌មាន​ចេញ​ពី Brunati ដែល​នាង​ជា​បុគ្គល​លើ​ផ្នែក​សារព័ត៌មាន​កាន់​ឆ្នាំ និង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ជម្រើស​ជាតិ​អាហ្សង់ទីន​ស្រាប់ ក៏​ជឿ​ថា ​ប្រាកដ​ណាស់​នាង​ទំនងជាទទួលបានតម្រុយ ឬការបង្ហើបប្រាប់ណាមួយហើយ ទើបហ៊ានចុះផ្សាយច្បាស់ៗបែបនេះ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT