អបអរ ​កីឡាករ​ម៉ូតូ​ទឹក​កម្ពុជា​ឈ្នះ​បាន​មេដាយ​មាស​មួយ​ហើយ​

​កីឡាករ​ជម្រើសជាតិម៉ូតូទឹក ​កៃ វ៉ាន់ស៊ីដែន ​បានឈ្នះមេដាយមាស ១គ្រឿង លើវិញ្ញាសា Novice ski stock ​ជូន​កម្ពុជា ​កាលពី​ល្ងាច​ថ្ងៃទី០៤ ​ខែតុលា​ម្សិលមិញ​ ពីការប្រកួតកីឡាម៉ូតូទឹក ជ្រើសរើស​ជើង​ឯក​ពិភព​លោក​ Jet Ski World Series Season 2022 ជុំទី២ នៅ Lake Havasu City, រដ្ឋ Arizona សហរដ្ឋ​អាមេរិក ​ចាប់ពីថ្ងៃទី៥-៩ ​ខែតុលា ​ឆ្នាំ២០២២។

ការប្រកួតកីឡាម៉ូតូទឹក នៅសហរដ្ឋអាមេរិកនេះ ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជាចំនួន ៥រូប រួមមាន កីឡាករ សាលី អូម៉ើត, សាលី ហ្វីលីន, មីន ម៉ូស្តាន់, មីន អូស្មាន់ និងកីឡាករ កៃ វ៉ាន់ស៊ីដែន បាន​ចូល​រួម​ប្រកួត​ប្រជែង​ជាមួយ​អត្តពលិកខ្លាំងៗ ធ្លាប់ឈ្នះពានកម្រិតទ្វីបអាស៊ី អឺរ៉ុប និងពិភពលោក មក​ពី​បណ្តាទ្វីបនានាជុំវិញពិភពលោក។ សាលី អូម៉ើត បន្តថា ការប្រកួតនេះ គឺជា​ការ​បន្សាំ​ខ្លួន​របស់​អត្តពលិក​ជម្រើសជាតិម៉ូតូទឹក ពង្រឹងសមត្ថភាព ដកស្រង់បច្ចេកទេស ត្រៀមដណ្តើមមេដាយ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បាន​បង្ហាញ​មោទនភាព​ចំពោះ​អត្តពលិក​ជម្រើស​ជាតិ​ម៉ូតូ​ទឹក​កម្ពុជា ដែលខិតខំប្រឹងប្រែងហ្វឹកហាត់ រហូតទទួលបានលទ្ធផលគួរជាទីមោទន ដោយ​កីឡាករ​ កៃ វ៉ាន់ស៊ីដែន ​ដណ្តើម​បាន​មេដាយ​មាស​ ១គ្រឿង ​លើវិញាសា Novice ski stock៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT