Barcelona នឹងដាក់ពាក្យបណ្តឹងជាផ្លូវការទៅ UEFA ជុំវិញការសម្រេចចិត្តរបស់អាជ្ញាកណ្តាលទល់នឹង Inter Milan

Barcelona គ្រោងនឹងដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់ UEFA ជុំវិញការសម្រេចចិត្តរបស់អាជ្ញាកណ្តាលដ៏ចម្រូងចម្រាសកាលពីយប់ថ្ងៃអង្គារ ក្នុងអំឡុងពេលប្រកួត Champions League របស់ពួកគេជាមួយនឹងក្រុម Inter Milan នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញ។

ក្រុមយក្សកាតាឡាន់បានបាត់បង់ ៣ ពិន្ទុដ៏សំខាន់បន្ថែមទៀតនៅក្នុងពូល C នៅពេលដែលពួកគេបានបរាជ័យក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន San Siro។

ការ​សម្រេច​ចិត្ត​ដែលបង្កើតឲ្យមានភាពចម្រូងចម្រាសធំ​បំផុត​នៅ​ក្នុងការប្រកួតនេះ ​បាន​កើត​ឡើង​នៅ​ពេល​ដែល​ VAR បដិសេធ​បាល់ប៉ះដៃពិន័យ១១ម៉ែត្រនៅក្នុងប្រអប់គ្រោះថ្នាក់ដែលបង្កឡើងដោយ Denzel Dumfries របស់ Inter Milan នៅចុងម៉ោង។

ទោះបីជាមានភស្តុតាងប៉ះដៃច្បាស់យ៉ាងណាក៏ដោយ អាជ្ញាកណ្តាល Slavko Vincic បានសម្រេចចិត្តប្រឆាំងនឹងបាល់ប៉ះដៃមួយនេះ ដែលបានធ្វើឱ្យអ្នកចាត់ការក្រុម Barcelona លោក Xavi ព្រមទាំងកីឡាករក្នុងទីលានមានការខឹងសម្បារយ៉ាងខ្លាំង។

យោងតាមកាសែតអេស្បាញ AS អះអាងថា Barcelona នឹងធ្វើពាក្យបណ្តឹងជាផ្លូវការទៅកាន់ UEFA តាមផ្លូ​វច្បាប់ដោយប្រើប្រាស់សេវាកម្មផ្ទៃក្នុងរបស់ក្លឹបផ្ទាល់។

ក្នុងពាក្យបណ្ដឹង​នេះនឹង​រួម​បញ្ចូល​នូវរូបភាព​ដើម្បី​បង្ហាញ​ពី​អ្វី​ដែល​ពួក​គេ​ជឿ​ថា​ជាអំពើ​អយុត្តិធម៌។ កាសែតនេះក៏បានអះអាងផងដែរថា ក្លឹបអេស្ប៉ាញនឹងស្នើសុំឱ្យលោក Pol van Boekel ដែលទទួលខុសត្រូវក្នុងបន្ទប់ VAR ពេលប្រកួតនោះ ឈប់ចូលរួមក្នុងការប្រកួតរបស់ Barcelona ម្តងទៀតឡើយ៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT