អ្នកគាំទ្រផ្ទុះការរិះគន់ខ្សែប្រយុទ្ធ Barcelona ម្នាក់ថាបាត់ខ្លួនពេលលេងទល់នឹង Inter Milan

អ្នកគាំទ្រកំពុងផ្ទុះការរិះគន់ទៅលើខ្សែប្រយុទ្ធរបស់ Barcelona កីឡាករ Robert Lewandowski បន្ទាប់ពីធ្វើឲ្យពួកគេមានការខកចិត្តក្នុងការបរាជ័យ ១-០ របស់ក្រោមថ្វីដៃក្រុម Inter Milan កាលពីថ្ងៃទី៤ ខែតុលា។

អតីតខ្សែប្រយុទ្ធរបស់ Bayern Munich បានបង្ហាញទម្រង់លេងដ៏អស្ចារ្យសម្រាប់ក្រុម Barcelona ចាប់តាំងពីបានមកដល់ Camp Nou កាលពីរដូវក្តៅមុនក្នុងតម្លៃ ៤០.៥ លានផោន។

គាត់បានស៊ុតបាល់បញ្ចូលទី ១២ គ្រាប់ក្នុង ៩ ប្រកួតមុនពេលជួបគ្នានៅយប់នេះ ហើយការបង្ហាញទម្រង់លេងមិនបានល្អទល់នឹង Inter ធ្វើឲ្យអ្នកគាំទ្របង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះគាត់ និងផ្ទុះការរិះគន់។ ​

អ្នកគាំទ្របានរិះគន់តារាឆ្នើមប៉ូឡូញរូបនេះ ដែលខកខានរកគ្រាប់បាល់ក្នុងការប្រកួតធំៗ និងសំខាន់បំផុតពេលក្លឹបត្រូវការពិន្ទុជាចាំបាច់ ខណៈពេលដែលអ្នកខ្លះបាននិយាយបែបកំប្លែងថាគាត់បានចូលរួមជាមួយ Barca ដើម្បីជួយពួកគេឱ្យឈ្នះជើងឯក Europa League។

អ្នកគាំទ្រដទៃផ្សេងទៀតក៏បានលើកឡើងថា គេស្ទើរតែមិនដឹងថា Lewandowski បានចូលលេងក្នុងការប្រកួតនេះទៀតផង ព្រោះឃើញតែ Dembele អូសបាល់ស៊ុតតែម្នាក់ឯង។

ក្រោយចប់ការប្រកួតនេះ ពួកគេកំពុងស្ថិតនៅលេខរៀងទី ៣​ ក្នុងពូល C ដែលអាចនាំពួកគេត្រឡប់ទៅ Europa League វិញ ប្រសិនបើប្រកួតបន្ទាប់ ពួកគេធ្វើមិនបានល្អ៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT