អ្នក​គាំទ្រ Liverpool ​ចាប់​ផ្ដើម​នឹក Mane ​ក្រោយ​ឃើញ​លេង​ល្អ​នៅ Bayern ​

​បណ្ដា​អ្នក​គាំទ្រ​ហង្ស​ក្រហម Liverpool ​ចាប់​ផ្ដើម​នឹក​រលឹក​ដល់​ខ្សែ​ប្រយុទ្ធ Sadio Mane ​ហើយ ​ក្រោយ​ពី​ឃើញ​កីឡាករ​រូប​នេះ​បង្ហាញ​ទម្រង់​លេង​កាន់​តែ​ល្អ​នៅ Bayern Munich ​។

​ខ្សែ​ប្រយុទ្ធ​សេណេហ្គាល់​ខាង​លើ​រក​បាន​១​គ្រាប់​ឱ្យ​ក្រុម Bayern Munich ​ក្នុង​ការ​ប្រកួត​ដែល​ពួកគេ​យក​ឈ្នះ​លើ​ក្រុម Vitoria Plzen ​ក្នុង​លទ្ធផល ៥-០។ ​កីឡាករ​ដែល​ទើប​ផ្ទេរ​ទៅ​លេង​នៅ​អាល្លឺម៉ង់​មួយ​នេះ ទើប​តែ​ចូល​នៅ​រដូវ​កាល​ដំបូង​នេះ​ទេ ប៉ុន្តែ​គេ​ក៏​បាន​បង្ហាញ​ទម្រង់​លេង​ល្អ ​និង​ជួយ​ក្រុម​បាន​ច្រើន​ផង​ដែរ។ ​រហូត​មក​ដល់​ពេល​នេះ ​មាន​អ្នក​គាំទ្រ Liverpool ​ជា​ច្រើន​ចាប់​ផ្ដើម​ស្ដាយ​ការ​ចាកចេញ​របស់​គេ​កាល​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លង​ទៅ​ហើយ។

​បណ្ដា​អ្នក​គាំទ្រ​បាន​សរសេរ​ថា​៖ “ស៊ុត​ស្អាត​ណាស់ ​យើង​ពិត​ជា​នឹក​គេ​ខ្លាំង។ ​នេះ​ជា​ខ្សែ​ប្រយុទ្ធ​ដែល Liverpool ​កំពុង​ខ្វះខាត…”។ ខណៈ​ដែល​ក្រុម Liverpool ​នៅ​ពេល​នេះ​កំពុង​លេង​មិន​សូវ​ជា​ល្អ​នោះ​ទេ ​ជា​ពិសេស​នៅ​ក្នុង​ពាន​រង្វាន់ Premier League ​ផ្ទាល់​តែ​ម្ដង។ ​រហូត​មក​ដល់​ពេល​នេះ ពួកគេ​ស្ថិត​នៅ​ពាក់​កណ្ដាល​តារាង​ឯ​ណោះ។

Mane ​នា​រដូវ​កាល​នេះ​ជាមួយ​ក្រុម Bayern Munich ​គេ​រក​បាន​៧​គ្រាប់​ហើយ​ក្នុង​ការ​លេង​១៣​ប្រកួត​កន្លង​មក។ ​ជាមួយ​គ្នា​នេះ គេ​ក៏​ជា​កីឡាករ​សំខាន់​ម្នាក់​ដែល​តែងតែ​ទទួល​បាន​ទំនុក​ចិត្ត​ពី​អ្នក​ចាត់ការ​ក្រុម Bayern Munich ​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT