Higuain ​ប្រកាស​ចូល​និវត្ដន៍​ពី​បាល់ទាត់​ហើយ​

​ខ្សែ​ប្រយុទ្ធGonzalo Higuain ​បាន​ប្រកាស​ពី​ការ​ចូល​និវត្តន៍​ពី​បាល់ទាត់​ហើយ ​បន្ទាប់​ពី​ជួយ​ក្រុម Inter Miami ​ដល់​ចប់​រដូវ​កាល​លីគ​កំពូល​អាមេរិក Major League Soccer ​។

​ខ្សែ​ប្រយុទ្ធ​វ័យ​៣៤​ឆ្នាំ​បាន​ប្រកាស​ដំណឹង​ខាង​លើ​នេះ ​ជាមួយ​គ្រូ​បង្វឹក Phil Neville ​តែ​ម្ដង​ក្នុង​សន្និសីទ​កាសែត​មួយ​។ ​Gonzalo Higuain ​បាន​អរគុណ​ដល់​អ្នក​គាំទ្រ​នៅ​អាមេរិក ជា​ពិសេស​គ្រួសារ​របស់​គេ​ដែល​តែងតែ​គាំទ្រ​ដល់​ខ្លួន​រហូត​មក។ ​អតីត​កីឡាករ Real Madrid ​រូប​នេះ​បាន​និយាយ​ដែរ​ថា​៖ “ថ្ងៃ​ដែល​ត្រូវ​និយាយ​ពាក្យ​លា​ជាមួយ​បាល់ទាត់​បាន​មក​ដល់​ហើយ។ គ្រប់​យ៉ាង​សុទ្ធ​តែ​មាន​ហេតុផល អរគុណ​ដល់​គ្រប់​គ្នា​ចំពោះ​ពេល​កន្លង​មក”។

​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ​ចាប់​ផ្ដើម​អាជីព​បាល់ទាត់​ជាមួយ​ក្លឹប​ធំ​ៗ​ជា​ច្រើន​ដូចជា Real Madrid, Napoli , Juventus , AC Milan ​និង Chelsea ​ជា​ដើម ​មុន​ពេល​ផ្លាស់​មក​លេង​នៅ​អាមេរិក​នៅ​ឆ្នាំ​២០២០​កន្លង​ទៅ។ ​Gonzalo Higuain ​អាច​ចាត់​ទុក​ជា​កីឡាករ​ឆ្នើម​និង​កំពូល​ម្នាក់​ផង​ដែរ ព្រោះ​គេ​ធ្លាប់​លេង​និង​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​មក​ហើយ​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT