Benzema, Neymar និង​សូម្បី​ចន្ថាប៊ីន ក៏​ធ្លាប់​ឃើញ​ជប់​ខ្យល់ តើ​វា​ជួយ​អ្វី​ខ្លះ​ដល់​កីឡាករ?

មធ្យោបាយ​ក្នុង​ការ​ព្យាបាល​ខ្លួន​ឯង សម្រាប់​កីឡាករ​​ម្នាក់ៗ​គឺ​មាន​លក្ខណៈ​ខុសប្លែក​ពី​គ្នា យ៉ាង​ណា​គេ​ចាប់​អារម្មណ៍​លើ​របៀប​មួយ ដែល​ខ្មែរ​យើង​ស្គាល់​ថា​ជា​ការ ជប់​ខ្យល់ ខណៈ​ភាសា​បច្ចេកទេស​នៅ​ឯ​ស្រុក​ក្រៅ​គេ​ហៅ​ថា ‘Hijama’។

តើ​វិធី​នេះ បាន​ជួយ​អ្វី​ខ្លះ​ដល់​កីឡាករ​បាល់ទាត់ ហើយ​តារា​ឆ្នើម​រូប​ណា​ខ្លះ ដែល​ធ្លាប់​អនុវត្ត​វា? តោះ​ទៅ​តាមដាន​ជាមួយ​ទំព័រ CTS SPROT នៅ​ខាង​ក្រោម៖

តើ​អ្វី​ទៅ​ជា ‘Hijama’?

វា​ជា​វិធី​ព្យាបាល​ដោយ​ប្រើប្រាស់​ពែងថ្ម ហើយ​មាន​ដើម​កំណើត​ចេញ​ពី​ប្រទេស​ចិន។ មក​ដល់​សម័យកាល​ទំនើប គេ​មាន​ឧបករណ៍​ប្រើប្រាស់​មាន​ក្បួនខ្នាត​ត្រឹមត្រូវ ដោយ​ប្រើ​ពែង​ពិសេស​មក​ដាក់​លើ​ខ្នង ហើយ​គេ​ប្រើ​ឧបករណ៍​មួយ​ដើម្បី​បឺត​ខ្យល់​ក្តៅ នាំ​ឲ្យ​មាន​លំហូរ​ឈាម ជា​ហេតុ​បន្សល់​ស្នាម​រង្វង់​ជាំ​មួយ​នៅ​លើ​ស្បែក ក្រោយ​ការ​ព្យាបាល​រួច។ របៀប​ព្យាបាល​បុរាណ​មួយ​នេះ រមែង​ប្រទះ​ឃើញ​ប្រើប្រាស់​ញឹកញាប់​នៅ​តំបន់​អាស៊ី ក៏​ដូច​ជា​អឺរ៉ុប​ខាង​កើត មជ្ឈិមបូព៌ា និង​សូម្បី​តែ​អាមេរិក​ឡាទីន។

តើ​មាន​កីឡាករ​ណា​ខ្លះ​ធ្លាប់​ប្រើប្រាស់​វា?

បើ​កីឡាករ​នៅ​កម្ពុជា​ប្រហែល​ជា​មាន​ច្រើន តែ​យើង​សូម​លើក​រូបភាព​ច្បាស់ការ​មួយ ធ្លាប់​បង្ហោះ​ចែករំលែក​ចេញ​ពី​គណនី​កីឡាករ​លេង​តំណែង​បម្រើ គឺ​ធារី ចន្ថាប៊ីន។ សមាជិក​ក្លឹប​វិសាខា បាន​ទទួល​ការ​ព្យាបាល Hijama ឬ​ជប់​ខ្យល់​ជា​លើក​ដំបូង កាល​ពី​ឆ្នាំ ២០១៩ ហើយ​លោក​បង្ហើប​ថា ហាក់​ទទួល​បាន​អារម្មណ៍​ល្អ និង​ធូរស្បើយ​ឡើង​នៅ​ថ្ងៃ​បន្ទាប់។

ចំណែក​ឯ​កីឡាករ​ធំៗ​នៅ​តំបន់​អឺរ៉ុប យើង​ចាប់​អារម្មណ៍ Karim Benzema ហាក់​សកម្ម​ញឹកញាប់​ជាង​គេ ជាមួយ​វិធី​ព្យាបាល​របៀប​នេះ ស្រប​ពេល​ដែល​តារា​ឆ្នើម​ប្រេស៊ីល Neymar Jr ក៏​ធ្លាប់​សាកល្បង​ផង​ដែរ ដូច​គ្នា​នឹង​ Riyad Mahrez រាង​ខុស​ប្លែក​ពី​គេ​បន្តិច មិន​មែន​ជប់​ខ្យល់​លើ​សាច់​ខ្នង​នោះ​ទេ តែ​បែរ​ជប់​លើ​សាច់​ភ្លៅ​ទៅ​វិញ។

ជាង​នេះ​ក៏​ធ្លាប់​មាន​អត្តពលិក​លើ​វិញ្ញាសា​ហែល​ទឹក​នៅ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក លោក Michael Phelps, អ្នក​វាយ​គុណ​ចម្រុះ Anthony Joshua, Khabib Nurmagomedov និង Conor McGregor ជា​ដើម។

តើ​វា​ផ្តល់​ប្រយោជន៍​អ្វី​ខ្លះ​សម្រាប់​កីឡាករ​បាល់ទាត់?

លើ​ផ្នែក​វេជ្ជសាស្ត្រ​ទូទៅ ការ​ជប់​ខ្យល់ វា​អាច​ជួយ​ព្យាបាល​ជំងឺ​ឈឺខ្នង​រ៉ាំរ៉ៃ គ្រុនក្តៅ ជួយ​ប្រព័ន្ធ​រំលាយ​អាហារ ជួយ​ការ​កើន​ឡើង​សម្ពាធ​ឈាម​ខ្ពស់ និង​សូម្បី​តែ​ភាព​គ្មាន​កូន​ជា​ដើម។

តែ​បើ​សំដៅ​លើ​កីឡាករ​បាល់ទាត់ ដូច​ជា Benzema ដូច​ចន្ថាប៊ីន​ជា​ដើម គឺ​ជួយ​ឲ្យ​ពួក​គាត់​ទទួល​បាន​អារម្មណ៍​ស្រស់ស្រាយ​ល្អ អាច​ឲ្យ​ឈាម​រត់​បាន​ស្រួល និង​អ្វី​ដែល​សំខាន់​បំផុត ជួយ​ឲ្យ​រាងកាយ​ដែល​ទទួល​រង​ការ​ឈឺចាប់​លើ​ទីលាន រមួលសាច់ដុំឡើងរឹង មក​ប្រែ​ជា​ធូរស្បើយ​បាន​ឆាប់​រហ័ស​ជាង​ការសម្រាកធម្មតា។ ទាំង​អស់​នេះ​ហើយ​ជា​មូលហេតុ ដែល​អត្តពលិក​ជា​ច្រើន ជា​ពិសេស​កីឡាករ​បាល់ទាត់​ជ្រើសប្រើ​វិធី​ព្យាបាល Hajima បើ​ទោះ​បី​ដឹង​ថា ក្រោយ​ព្យាបាល​ហើយ​ត្រូវ​បន្សល់​ស្លាក​ស្នាម​អាក្រក់​ជាប់​លើ​រាងកាយ​ក៏​ដោយ៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT