​កម្ពុជា ​រៀប​ចំ​កម្ម​វិធី OCA Fun Run ​បាន​យ៉ាង​ជោគជ័យ​

នៅ​ព្រឹកថ្ងៃទី០២​ ខែតុលានេះ ​ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) សហការ​ជាមួយ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា (NOCC) បានរៀបចំកម្មវិធី OCA Fun Run នៅតំបន់ជ្រោយចង្វារ (ជុំ​វិញសណ្ឋាគារសុខារ៉េស៊ីដង់) ដោយមានអ្នកចូលរួមរត់កម្សាន្ដប្រមាណ ១ពាន់នាក់ ដើម្បី​អបអរ​សាទរ​មហា​សន្និបាត​ OCA លើកទី៤១ នៅកម្ពុជាផង និងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 នៅប្រទេសចិនផង។

​កម្មវិធីរត់កម្សាន្ដនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និង​ជា​អគ្គលេខាធិការ​ CAMSOC ហើយក៏មានការចូលរួមរត់កម្សាន្ដពីមន្ដ្រីជាន់ខ្ពស់ OCA តំណាង​គណៈកម្មការ​រៀប​ចំព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅទីក្រុង Hangzhou ក៏ដូចជាប្រតិភូ នៃ​គណៈ​កម្មាធិការជាតិអូឡាំពិកនៃបណ្ដាប្រទេសសមាជិកក្នុងទ្វីបអាស៊ី ដែល​បានមក​ចូលរួមម​ហា​សន្និបាត​ខាងលើ ក៏បានចូលរួមរត់កម្សាន្ដក្នុងកម្មវិធីនេះដែរ។

តាមរយៈការរៀបចំកម្មវិធី OCA Fun Run អំឡុងពេលកម្ពុជា ធ្វើម្ចាស់ផ្ទះមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីនេះដែរ ឯកឧត្តម វ៉ាត់ ចំរើន បានចាត់ទុកជាបទពិសោធន៍ដ៏ល្អ ពោលគឺជាបទពិសោធន៍ផ្ទាល់ ដែលត្រូវរៀនសូត្រ សម្រាប់ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មានន័យថា ជាឱកាសដើម្បីហ្វឹកហាត់ការងារ ទាំងការងារទំនាក់ទំនង ទទួលបដិសណ្ឋារកិច្ច ការស្នាក់នៅ-ហូបចុក និងការរៀបចំកម្មវិធីផ្សេងៗទៀត។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT