Anfield លែង​ជា​ទីលាន​មរណៈ ខណៈ Arnold កំពុង​ធ្លាក់​ទៅ​ដាន​ចាស់ Harry Maguire

រដូវ​កាល​ថ្មី Premier League មាន​រឿង​ចម្លែក​កើត​ឡើង​ជា​ច្រើន ដោយ​ក្រុម​ខ្សោយ​ពី​មុន​បែរ​ជា​ឡើង​ជើង ជួន​ពេល​ក្រុម​ល្អៗ​បែរ​ជា​ធ្លាក់​កូដ​មិន​គួរ​ឲ្យ​ជឿ។ ដូច Arsenal បាន​បន្ត​ក្តីសង្ឃឹម​លើក​ពាន​តាម​រយៈ​ការ​យក​ឈ្នះ ៣-១ ទៅ​លើ Tottenham Hotspur ហើយ Liverpool ផុត​ផើយ​ប៊ិះ​តែ​នឹង​ចាញ់ Brighton ធ្លាក់​មក​ឈរ​លេខ ៩ មាន ១០ ពិន្ទុ កាលពីយប់មិញ។

​ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp លេង​បាន​ត្រឹម​ស្មើ​ក្នុង​ទឹកដី​ខ្លួន​ឯង ៣-៣ ទល់ Brighton ដោយ​គ្រាប់​បាល់​កើត​ចេញ​ពី Roberto Firmino ពីរ​គ្រាប់ និង​បាន​បាល់ Own Goal ពី Adam Webster មួយ​គ្រាប់ ខណៈ​ក្រុម​ភ្ញៀវ កើត​គ្រាប់​បាល់ Hat-trick ពី​កីឡាករ Leandro Trossard។

មាន​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍ ២ នៅ​ប្រកួត​យប់មិញ ដោយ​ ១) គឺ Anfield ត្រូវ​បាន​គេ​លុប​ឈ្មោះ លែង​ជា​ទីលាន​មរណៈ​គួរ​ឲ្យ​ខ្លាច​ដូច​មុន និង​ទី ២) ខ្សែ​ការពារ​ Trent Alexander-Arnold ហាក់​ធ្លាក់​ទម្រង់​លេង មិន​ខុស​ពី​ពាក្យ​រិះគន់ និង​កំពុង​ចូល​ដាន​ចាស់ Harry Maguire របស់​ក្លឹប Man Utd។

ដូច​គ្នា​យើង​បាន​ដឹង ប៉ុន្មាន​ឆ្នាំ​មក​ហើយ ដូច​ការ​លេង​ទម្លាក់ Barcelona នៅ UCL នា​រដូវ​កាល ២០១៨/១៩ Anfield ស្ថិត​ក្នុង​ទីក្រុង Merseyside ចក្រភព​អង់គ្លេស ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ជា “ទីលាន​មរណៈ” ដែល​មិន​ងាយ​មាន​ក្រុម​គូ​ប្រជែង​ណា អាច​បញ្ចប់​ទី​រក​គ្រាប់​បាល់​ ឬ​យក​ឈ្នះ​នៅ​ទី​នោះ​បាន​ស្រួលៗ​ឡើយ។

ក៏​ប៉ុន្តែ​នៅ​ពេល​ចុង​ក្រោយ Anfield ត្រឹម​ជា​កីឡដ្ឋាន​ធម្មតាៗ មិន​បាន​ធ្វើ​ឲ្យ​ខ្លាច​រអា​ដល់​ក្រុម​ដទៃ​អ្វី​ឡើយ ជាក់ស្តែង​ការ​ប្រកួត​ក្នុង​ដី Liverpool ៤ ប្រកួត​រដូវ​កាល​នេះ ឈ្នះ ២ ស្មើ ២ ហើយ​របូត​ដល់​ទៅ ៥ គ្រាប់។ អ្វី​ដែល​សំខាន់ កាល​ពី​យប់​មិញ ក៏​អាច​កើត​មាន​គ្រាប់​បាល់ Hat-trick ជា​ថ្មី ក្រោយ​ខកខាន​អស់​រយៈ​ពេល ១៣ ឆ្នាំ​នៅ Anfield។

ខ្សែ​ប្រយុទ្ធ​បែលហ្សិក Leandro Trossard បាន​ក្លាយ​ជា​កីឡាករ​ដំបូង រក​បាន Hat-trick ទល់ Liverpool នៅ Anfield គាស់​ឲ្យ​កើត​ឡើង​ម្តង​ទៀត ក្រោយ​ខកខាន​តាំង​ពី​ជំនាន់​អតីត​កីឡាករ Arsenal គឺ Andrey Arshavin ធ្វើ​បាន​នៅ​ឆ្នាំ ២០០៩។

ដោយឡែក​ងាក​ទៅ​តំបន់​ការពារ​ក្រោម Virgil van Dijk និង Trent Alexander-Arnold ជា​មុខ​ព្រួញ​ដែល​អ្នក​គាំទ្រ​កំពុង​ដាក់​បន្ទុក ជា​ពិសេស​គឺ​ខ្សែ​ការពារ​ស្លាប​សញ្ជាតិ​អង់គ្លេស ដែល​យប់មិញ​ភ្លាត់​ច្រើន​ណាស់ ទាំង​បច្ចេកទេស​ការពារ និង​ការ​ក្រុស​បាល់។ Arnold កន្លង​មក​ត្រូវ​បាន​គេ​រិះគន់ ថា​លេង​ការពារ តែ​ហាក់​ព្យាយាម​សម្រុក​ទៅ​ខាង​លើ​ច្រើន​ពេក ដល់​ថ្នាក់​ពេល​ខ្លះ ប្រឹង​តែ​រត់​ទៅ​មុខ លែង​ចង់​ការពារ​នៅ​ខាង​ក្រោយ ហើយ​របៀប​លេង​នេះ បាន​តែ​ជាមួយ​ប្រព័ន្ធ​ដឹកនាំ​លោក Jurgen Klopp មួយ​គត់ បើ​ជាមួយ​គ្រូ​ផ្សេង​ដឹង​តែ​ចប់​ហើយ។

ស្ថិតិ​កាល​ពី​យប់មិញ Arnold ទទួល​បាន​ពិន្ទុ​វាយ​តម្លៃ​ ៦,៥ ដោយ​មាន​អត្រា​បញ្ជូន​បាល់​ជោគជ័យ​ត្រឹម ៧៦ ភាគរយ ហើយ​ស៊ុត ៣ លើក បាញ់​ចោល ដោយ​គ្មាន​ចំ​គោលដៅ ខណៈ​ការ​ក្រុស​បាល់​ទៅ​មិត្ត​រួម​ក្រុម គឺ​បរាជ័យ​ជា​ច្រើន​លើក​ច្រើន​សារ។ រី​ឯ​របៀប​ការពារ ដែល​មើល​ទៅ​រាង​ភ្លាត់​មួយ​សារៗ​បែប​នេះ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កំពុង​បន្ថែម​ពាក្យ​ទៅ​លើ​កីឡាករ​វ័យ ២៣ ឆ្នាំ ថា​ប្រហែល​ធ្លាក់​ចូល​ដាន​របស់ Harry Maguire ជា​បណ្តើរៗ​ហើយ។

គួរ​ឲ្យ​ដឹង​ដែរ​ថា Liverpool នឹង​កាន់​តែ​ទទួល​សម្ពាធ​ធ្ងន់ នៅ​ប្រកួត​បន្តបន្ទាប់ ជាក់ស្តែង​រយៈ​ពេល ១១ ​ថ្ងៃ ត្រូវ​លេង ៤ ប្រកួត មាន​ពីរ​ជើង​នៅ UCL ទល់​ក្លឹប Rangers និង​ប្រកួត​ធំ ២ នៅ Premier League ត្រូវ​ប៉ះ Arsenal ​ថ្ងៃ​ទី ៩ និង​ប៉ះ Man City ​ថ្ងៃ​ទី ១៦ ​តុលា សុទ្ធ​សឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS SPORT៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT