[វិភាគ] នេះ​ឈុត ១១ រូប ដែល City អាច​ប្រើប្រាស់ ហើយ​រំពឹង​យក​ឈ្នះ ២-១ ទៅ​លើ Man Utd

នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ ជំនួប​ពិសេស Manchester Derby នឹង​ចូល​មក​ដល់ ដោយ​ក្លឹប​ម្ចាស់​ជើង​ឯក Man City ​ត្រូវ​បើក​កីឡដ្ឋាន Etihad ស្វាគមន៍​ភ្ញៀវ Man United ជា​ក្លឹប​ខកខាន​ការ​ប្រកួត​នៅ Premier League អស់​ពេល​ជិត ១ ខែ។ ក៏​ជឿ​ថា​មាន​មតិ​ចម្រូងចម្រាស និង​ការ​យល់​ឃើញ​ខុស​ប្លែក​គ្នា ជុំវិញ​ការ​ប្រកួត​ដ៏​កក្រើក​ខាង​មុខ ដូច្នេះ CTS SPORT ក៏​សូម​ចូលរួម​បញ្ចេញ​មតិយោបល់ តាម​រយៈ​ការ​ព្យាករណ៍​ប្រព័ន្ធ​កីឡាករ លទ្ធផល​គ្រាប់​បាល់ និង​បង្ហាញ​ស្ថិតិ កំណត់ត្រា​មួយ​ចំនួន ដែល​អាច​កើត​ឡើង​នៅ​ថ្ងៃ​នោះ៖

១) ស្ថានភាព​កីឡាករ​និង​ជម្រើស ១១ នាក់​ដំបូង

សម្រាប់ City ជា​ម្ចាស់ផ្ទះ ​ហាក់​មាន​ភាព​ពេញ​លក្ខណៈ​ល្អ​ជាង តាំង​ពី​តំបន់​ការពារ​ដល់​ប្រយុទ្ធ ខណៈ​ដែល United ជា​ភ្ញៀវ យើង​មើល​ឃើញ​ពី​កង្វះ​ខាត​នៅ​តំបន់​ប្រយុទ្ធ ដែល​មិន​ទាន់​ជា​ត្រៀម​ខ្លួន​រួចរាល់ ១០០ ភាគរយ​នៅ​ឡើយ តែបើតំបន់ការពារ និងបម្រើ គឺមើលឃើញថាល្អប្រសើរច្រើន។

ចំពោះ​ស្ថានភាព​ខាង​ក្រុម​លោក Pep Guardiola មាន​ខ្សែ​ការពារ​ Aymeric Laporte និង Kyle Walker ត្រលប់​មក​វិញ នាំ​ឲ្យ​ជម្រើស​ក្នុង​ដៃ កាន់​តែ​មាន​ច្រើន​បន្ថែម ស្រប​ពេល​ដែល John Stones និង Kalvin Phillips ត្រូវ​ឈរ​ក្រៅ​ជួរ។ រី​ឯ​ United នៅ​តំបន់​ការពារ ត្រូវ​អវត្តមាន Harry Maguire ហើយ​តំបន់​ខាង​លើ Marcus Rashford ដែល​របួស​តាំង​ពី​ប្រកួត​ទល់ Arsenal ក៏​មិន​ច្បាស់​ថា​អាច​បង្ហាញ​ខ្លួន​ឬ​អត់​នោះ​ដែរ ដូច​គ្នា​នឹង Anthony Martial ដ្បិតបានវិលមកហ្វឹកហាត់វិញក៏ដោយ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក Erik ten Hag ជា​អ្នកចាត់ការ។

ជម្រើស ១១ នាក់​ដំបូង​អាច​កើត​ឡើង​រវាង​ក្រុម​ទាំង​ពីរ៖

Manchester City: Ederson; Walker, Akanji, Dias, Cancelo; Silva, Rodri, De Bruyne; Foden, Haaland, Grealish

Manchester United: De Gea; Dalot, Varane, Martinez, Malacia; Casemiro, Eriksen; Antony, Fernandes, Sancho; Ronaldo

២) ស្ថិតិ​និង​កំណត់ត្រា

៥ ប្រកួត​ចុងក្រោយ​នៅ Premier League ក៏ City មាន​ប្រៀប​ជាង ទាំង​ចំនួន​គ្រាប់​បាល់​បញ្ចូល​ទី និង​គ្រាប់​បាល់​របូត។ មេឃ​ខៀវ​ ឈ្នះ ៣ ស្មើ ២ រក​បាន ១៧ គ្រាប់ របូត ៦ គ្រាប់ ជួន​ពេល​ដែល​បិសាច​ក្រហម ឈ្នះ ៤ ចាញ់ ១ រក​បាន ៧ គ្រាប់ របូត ៦ គ្រាប់។

ក្រឡេក​ទៅ​តារាង​ចំណាត់ថ្នាក់​នៅ Premier League ខាង City ឈរ​លេខ ២ មាន ១៧ ពិន្ទុ ហើយ​មាន​ឱកាស​អាច​ត្រលប់​ទៅ​កំពូល​តារាង បើ​អាច​យក​ឈ្នះ United ​ក្នុង​ករណី​ដែល Arsenal របូត​ពិន្ទុ។ ខណៈ United កំពុង​ឈរ​លេខ ៥ មាន ១២ ពិន្ទុ ក៏​សង្ឃឹម​អាច​ឆ្លង​ចូល Top 4 ប្រសិន​ទទួល​បាន​ជ័យជម្នះ។

  • កំណត់ត្រា​ធំ​មួយ​សម្រាប់ Erling Haaland គឺ​គេ​នឹង​អាច​ក្លាយ​ជា​កីឡាករ​ដំបូង​នៅ Premier League ដែល​អាច​រក​បាន​គ្រាប់​បាល់ Hat-trick ក្នុង​ដី ៣ ប្រកួត​ជាប់ ​បន្ទាប់​ការ​រក​បាន ៣ គ្រាប់​ទល់​ភ្ញៀវ Nottingham Forest និង Crystal Palace កន្លង​មក
  • Man City រដូវ​កាល​ចាស់ ទាំង​ពីរ​ជើង បាន​យក​ឈ្នះ​សរុប​គ្រាប់​បាល់ ៦-១ ទៅ​លើ Man Utd នាំ​ឲ្យ​ក្រុម​លោក Pep Guardiola អាច​មាន​ឱកាស​ឈ្នះ ៣ ប្រកួត​ជាប់ ក្រោយ​ខកខាន​កើត​មាន​តាំង​ឆ្នាំ ២០១៤
  • គួរ​ឲ្យ​ខ្លាច​បំផុត ត្រង់​ថា City ឈ្នះ ៧ ប្រកួត​ជាប់​ហើយ នៅ​ទឹកដី Etihad Stadium ក្នុង​ក្របខ័ណ្ឌ Premier League ដោយ​ប្រកួត​នីមួយៗ​យ៉ាង​តូច​ក៏​រក​បាន ៣ គ្រាប់​ដែរ
  • សម្រាប់ Man Utd ស្ថិតិ​ល្អ​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​ក្រោយ​ចាញ់ ៤ ប្រកួត​ជាប់​ក្នុង​លីគ បន្ទាប់​មក​ក៏​ត្រលប់​មក​ឈ្នះ ៤ ប្រកួត​ជាប់​វិញ
    យ៉ាង​ណា​បើ​និយាយ​ស្ថិតិ​ជា​រួម តាំង​ពី​ដើម​មក ១៨៧ លើក​ប៉ះ​គ្នា United ឈ្នះ​ច្រើន​ជាង មាន ៧៧ លើក ស្មើ ៥៣ លើក និង​ចាញ់ ៥៧ លើក

៣) ការ​ព្យាករណ៍​គ្រាប់​បាល់

បើ​ទោះ​បី​កន្លង​មក United បាន​យក​ឈ្នះ​ទៅ​លើ Arsenal និង Liverpool តែ​យើង​នៅ​តែ​មើល​ឃើញ ពី​ភាព​មិន​ប្រាកដប្រជា​នៅ​តំបន់​ប្រយុទ្ធ​ក្រោម​ការ​ដឹកនាំ​របស់​លោក Erik ten Hag ហើយ​ការ​ដែល​មក​ប៉ះ​គីឡូ​ធ្ងន់​ដូច​ជា Man City ជា​ក្រុម​ល្អ​សឹង​គ្រប់​តំណែង និង​ជា​ក្រុម​រមែង​កើត​មាន​គ្រាប់​បាល់​ច្រើន សឹង​គ្រប់​ប្រកួត ក៏​នាំ​ឲ្យ​យើង​ហ៊ាន​សន្មត​ថា គូ​នេះ​នឹង​កើត​មាន​គ្រាប់​បាល់ Over លើស​ពី ២.៥ គ្រាប់ ជាមួយ​លទ្ធផល​ព្យាករណ៍ គឺ City នឹង​អាច​យក​ឈ្នះ ២-១ ឬ ៣-១ ទៅ​លើ Man Utd។ ចុះសម្រាប់យោបល់គ្នាយើងវិញ យល់ឃើញបែបណា? កុំភ្លេចចាំតាមដានការផ្សាយផ្ទាល់ជាមួយគ្នាលើទំព័រ CTS SPORT នៅវេលាថ្ងៃអាទិត្យស្អែក ម៉ោង ០៨:០០ នាទីយប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT