Haaland ទំនងជានៅ City មិនបានយូរ ខណៈដែលឪពុកចង់ឲ្យកូនលេងគ្រប់លីគនៅអឺរ៉ុប

Alfie Haaland ដែលជាឪពុករបស់កំពូលតារាឆ្នើមរបស់ក្រុម Manchester City លោក Erling Haaland បានគូសបញ្ជាក់ពីពេលវេលាអាជីពរបស់កូនប្រុសគាត់នៅឯក្លឹបមួយនេះ ក្រោយពេលដែលកូនប្រុសទើបតែទៅចូលរួមជាមួយក្លឹបនេះមិនទាន់បានមួយរដូវកាលផង។

អ្នកគាំទ្រក្លឹប City ប្រហែលជាមិនបានឃើញកីឡាកររូបនេះនៅក្នុងក្លឹបសម្រាប់រយៈពេលយូរនោះទេ បើទោះបីជា Haaland បានចុះកិច្ចសន្យារយៈពេលប្រាំឆ្នាំជាមួយក្រុមការពារតំណែងជើងឯកអង់គ្លេសយ៉ាងនាក្តី។

បើតាម Alfie Haaland ដែលជាអតីតកីឡាកររបស់ City ផ្ទាល់ កូនប្រុសរបស់គាត់ប្រហែលជាមិនស្នាក់នៅក្លឹបលើសពី ៣ ឬ ៤ ឆ្នាំនោះទេ ខណៈដែលផែនការរបស់គាត់គឺចង់ឲ្យកូនលេងនៅលីគកំពូលទាំងប្រាំនៅអឺរ៉ុប។

គាត់បាននិយាយថា៖

“ខ្ញុំគិតថា Erling ចង់បង្ហាញពីសមត្ថភាពរបស់គាត់នៅក្នុងលីគទាំងអស់។ ដូច្នេះគាត់អាចស្នាក់នៅទីនោះ (Manchester City) រយៈពេល ៣ ឬ ៤ ឆ្នាំច្រើនបំផុត។ ជាឧទាហរណ៍ ២ ឆ្នាំកន្លះនៅប្រទេសអាឡឺម៉ង់ ពីរឆ្នាំកន្លះ នៅអង់គ្លេស ហើយបន្ទាប់មកនៅអេស្ប៉ាញ អ៊ីតាលី”។

គាត់​បាន​បន្ថែមទៀតថា៖

“នៅក្នុងបញ្ជីរបស់យើង ខ្ញុំគិតថា City គឺជាក្រុមល្អបំផុត។ Bayern​ Munich គឺលេខ ២។ យើងមាន Real Madrid លេខ ៣ Paris Saint-Germain លេខ ៤។ យើងក៏មានក្រុមអង់គ្លេសមួយចំនួនក្រៅពី Man City ដែលល្អផងដែរ ដូចជា Liverpool និង Chelsea ក៏មាន Barcelona ផងដែរ។ ពួកគេល្អដូចគ្នា”៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT