ខ្វះ​អី​បំពេញ​ហ្នឹង! Real Madrid សម្លឹង​ឃើញ​កីឡាករ ២ រូប ត្រៀម​លុយ​យ៉ាង​ហោច​ណាស់ ២០០ លាន

ការ​ដោះដូរ​កីឡាករ នឹង​វិល​ទៅ​ភាព​មមាញឹក​ជា​ថ្មី នៅ​កំឡុង​ខែ​មករា ឆ្នាំ ២០២៣ ខាង​មុខ តែ​គេ​ជឿ​ថា ដំណើរការ​ចរចា ក៏​ដូច​ជា​កិច្ច​ព្រមព្រៀង​ផ្សេងៗ​អាច​នឹង​កើត​ឡើង​ជា​បណ្តើរៗ ក្រោយ​ការ​បញ្ចប់​ព្រឹត្តិការណ៍ FIFA World Cup នៅ​ឯ​ចុង​ឆ្នាំ។ ងាក​មក​ស្ថានភាព​ក្លឹប Real Madrid ចំពោះ​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត ពាក់ព័ន្ធ​នឹង​ចចាមអារ៉ាម​ចង់​បាន​កីឡាករ​ថ្មី គឺ​ផ្តោត​លើ ២ រូប​ជា​អាទិភាព មាន​កីឡាករ​លេង​តំណែង​ការពារ​ស្លាប និង​បម្រើ​ការពារ។

១) Jude Bellingham

បើ​អ្នក​តាមដាន​ព័ត៌មាន​ជាប់​លើ​ទំព័រ CTS SPORT ប្រាកដ​ជា​បាន​ឃើញ​ខ្លះៗ​ហើយ ពាក់ព័ន្ធ​ការ​ចុះ​ផ្សាយ​អំពី​កីឡាករ​សញ្ជាតិ​អង់គ្លេស។ ជា​ការ​ពិត​មាន​ក្លឹប​ធំៗ​ច្រើន​ណាស់ បាក់​ចិត្ត​មក​លើ​គ្រាប់​ពេជ្រ​កំពុង​ភ្លឺ​ចិញ្ចាច​របស់​ក្លឹប Borussia Dortmund ហើយ​ក៏​មាន​ភាគរយ​អាច​ក្លាយ​ជា​កីឡាករ​អង់គ្លេស​ថ្លៃ​បំផុត​ផង​ដែរ។

តាម​ចចាមអារ៉ាម​ចុះ​ផ្សាយ​ថា Liverpool, Man City, Real Madrid, Chelsea និង Man Utd ជា​ដើម បាន​ដាក់​គោលដៅ​ទៅ​លើ​ខ្សែ​បម្រើ​វ័យ ១៩ ឆ្នាំ​ខាង​លើ តែ​ពាក់ព័ន្ធ​ការ​សម្រេច​បែប​ណា​របស់​កីឡាករ ក៏​ដូច​ជា​តម្លៃ​ច្បាស់ការ ដាក់​ចេញ​ពី​ភាគី​ក្លឹប​អាណាព្យាបាល ប្រហែល​ត្រូវ​រង់ចាំ​ដល់ World Cup ចប់​រួចរាល់។

តែ​បើ​តាម​ការ​ព្យាករណ៍​ជា​មុន Bellingham អាច​មាន​តម្លៃ​ផ្តាច់​កុងត្រា ១៥០ លាន​អឺរ៉ូ ហើយ Dortmund ប្រាកដ​ណាស់ នឹង​ដើរ​គន្លង​ចាស់​ដូច​ការ​ផ្ទេរ Erling Haaland ពោល​មិន​ទទួល​ការ​ចរចា​តម្លៃ​ថ្មី​អ្វី​ទាំង​អស់ ជា​រួម​បើ​ក្លឹប​ណា​ហ៊ាន​ឲ្យ​ដល់​ទំហំ​ចង់​បាន Release Clause នោះ​នឹង​ព្រម​លក់​ចេញ​ភ្លែត។

ចំពោះ​អធិរាជ​ស ការ​ដែល​សម្លឹង​តាម​មើល Bellingham ព្រោះ​ក្លឹប​មើល​ឃើញ​ឆ្ងាយ​លើ​ផែនការណ៍​យូរ​អង្វែង ក្នុង​ការ​ដុសខាត់​អភិវឌ្ឍ​បន្ថែម ទុក​ស្នង​ជើង Casemiro ដែល​ទើប​ចែក​ផ្លូវ ក៏​ដូច​ជា​ត្រៀម​បំពេញ​តំបន់​បម្រើ​រជ្ជកាល​ថ្មី ក្រោយអស់ពី Toni Kroos និង Luka Modric ដែល​មាន Federico Valverde, Eduardo Camavinga និង Aurelien Tchouameni កំពុង​ឈរ​ជើង​ស្រាប់។

២) Joao Cancelo

ព័ត៌មាន​កំពុង​កក្រើក​ថ្ងៃ​នេះ ដែល​ល្ហៀងៗ​ថា​ក្លឹប​ម្ចាស់ដី Bernabeu ចង់​សាកល្បង​អូស​ទាញ​ចិត្ត​ខ្សែ​ការពារ​ស្លាប​ស្តាំ​របស់ Manchester City នៅ​ទីផ្សារ​រដូវ​ក្តៅ ឆ្នាំ ២០២៣។ បើ​តាម​របាយការណ៍​ពី AS ចុះ​ផ្សាយ​ថា ​ដោយ​មើល​ឃើញ​ពី​កង្វះ​ខាត​នៅ​តំបន់​ការពារ​ស្លាប​ក្រោម ដែល​សព្វថ្ងៃ​មាន​ត្រឹម Dani Carvajal ជា​ជម្រើស​តែ​មួយ ដូច្នេះ​ក៏​ចង់​បន្ថែម​ចំណូល​ថ្មី ​ឲ្យ​មាន​ការ​ប្រកួតប្រជែង​ខ្លាំង​ជាង​មុន។

ខ្សែ​ការពារ​ព័រទុយហ្គាល់ Cancelo សេសសល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៧ ហើយ​អាច​មាន​តម្លៃ​ខ្លួន​យ៉ាង​ហោច​ណាស់ ៥០ លាន​អឺរ៉ូ ឬ​អាច​ធ្លាក់​ចុះ ឡើង​ខ្ពស់​ជាង​នោះ ស៊ីសង​លើ​សមិទ្ធផល​អាច​សម្រេច នៅ​ពេល​ខាង​មុខ។

បញ្ជាក់​ដែរ​ថា កីឡាករ​វ័យ ២៨ ឆ្នាំ​ខាង​លើ ធ្លាប់​បាន​ភ្លក់​បទពិសោធន៍​នៅ​ក្របខ័ណ្ឌ La Liga ម្តង​រួច​មក​ហើយ គ្រា​នោះ​ឈរ​ជើង​ឲ្យ Valencia ដែល​បង្ហាញ​ខ្លួន ៩១ ប្រកួត រក​បាន ៤ គ្រាប់​និង Assist ៩ លើក។ ក្រៅ​តែ​ពី​តំណែង​ការពារ​ស្លាប​ស្តាំ កន្លង​មក​លោក Pep Guardiola ក៏​ធ្លាប់​ច្នៃ​ប្រើ Cancelo នៅ​ការពារ​ស្លាប​ឆ្វេង និង​បម្រើ​ស្លាប​ស្តាំ​ផង​ដែរ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT